ពិធីរម្លឹកគុណគ្រូ ក្រោមប្រធានបទ គ្រូមួយថ្ងៃ គ្រូមួយជីវិត របស់សមាគមអតីតសិស្សវិទ្យាល័យបាត់ដំបង ឆ្នាំសិក្សា ១៩៨៨-១៩៩៣

បាត់ដំបង៖ ប្រធានបទមួយដ៏មានសារៈសំខាន់ ដែលសមាគមអតីតសិស្សវិទ្យាល័យបាត់ដំបង ឆ្នាំសិក្សា១៩៨៨-១៩៩៣ បានរៀបចំប្រារព្ធពិធីរម្លឹកគុណគ្រូ ថា “គ្រូមួយថ្ងៃគ្រូមួយជីវិត” ក្រោមវត្តមានចូលរួមពីលោកគ្រូ អ្នកគ្រូចាស់ៗ កាលពីអតីតកាលធ្លាប់បង្រៀនពីឆ្នាំសិក្សា១៩៨៨-១៩៩៣ នៃវិទ្យាល័យបាត់ដំបង បច្ចុប្បន្នបានប្តូរមកវិទ្យាល័យព្រះមុនីវង្សក្រុងបាត់ដំបង ។

អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានសង្គមស៊ីវិលនៃទីស្តីការគណៈរដ្ឋមន្រ្តី និងជាអតីតសិស្សវិទ្យាល័យបាត់ដំបង លោកបណ្ឌិត ប៉ៃ  សំបូរ បានបញ្ជាក់ថា ការជួបជុំគ្នារវាងមិត្តរួមសាលាកាលពីអតីតកាល ជាមួយអតីតលោកគ្រូ អ្នកគ្រូ នាពេលនេះ ក្នុងគោលបំណង ដើម្បីរិតចំណងសាមគ្គីភាព មិត្តភាព អតីតសិស្សវិទ្យាល័យបាត់ដំបង ព្រមទាំងដើម្បីរម្លឹកឡើងវិញ នូវគុណបំណាច់របស់លោកគ្រូ អ្នកគ្រូ ដែលបានផ្តល់នូវចំណេះដឹងគ្រប់បែបយ៉ាងតាំងពីនៅថ្នាក់វិទ្យាល័យរហូតថ្នាក់បញ្ចប់វិទ្យាល័យ ពោលគឺក្រោយការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ហៅថាបាក់ឌុប រួច សិស្សរបស់លោកគ្រូ អ្នកគ្រូទាំងអស់ បានបែកគ្នាខ្លះត្រូវរៀនបន្ត និងខ្លះចេញទៅប្រកបមុខរបរផ្សេងៗ ហើយខ្លះទៀតត្រូវចូលបម្រើការងារក្នុងវិស័យរដ្ឋ និងវិស័យឯកជន ដែលរហូតមកដល់ពេលនេះទទួលបានជាមន្ត្រី ថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន មន្ទីរនានា និងខ្លះទៀត ជាពាណិជ្ជករ អាជីវករ ក្នុងសហគ្រាស ក្រុមហ៊ុនផ្សេងៗ ជាពិសេសអតីតសិស្សទាំងអស់ បានចូលរួមចំណែកក្នុងការបម្រើជាតិ ការពារបូរណភាពទឹកដី និងការពារសុខសន្តិភាព ជាមួយប្រមុខដឹកនាំរាជរដ្ឋាភិបាល ជូនប្រជាជនកម្ពុជា រហូតមកដល់នឹងពេលបច្ចុប្បន្ននេះ ។

លោក ច័ន្ទ សូរិកាន អគ្គកុងស៊ុលប្រចាំក្រុងហូជីមិញប្រទេសវៀតណាម និងលោក មាន សំអុល នាយកប្រតិ្តបត្តិគម្រោងបុរី ហ្គាឌិនស៊ីធីអូឡាំពិកវីឡា និងជាអតីតសិស្សវិទ្យាល័យបាត់ដំបង បានបញ្ជាក់ថា ក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមកនេះ ថ្វីត្បិតតែពួកយើងបានបែកគ្នារវល់បម្រើការងារ ក្នុងអង្គភាពរៀងៗខ្លួនក៏ពិតមែន តែពួកយើងនៅតែនឹកឃើញពីគុណតម្លៃដ៏ធំធេង ដែលលោកគ្រូ អ្នកគ្រូ បានផ្តល់នូវចំណេះដឹងផ្នែកពុទ្ធិ និងអាណាចក្រ ព្រមទាំងបានប្រៀនប្រដៅឱ្យសិស្សទាំងអស់ បានក្លាយខ្លួនជាមនុស្សល្អក្នុងសង្គម មានការងារធ្វើល្អៗសម្រាប់បម្រើប្រជាជន និងបម្រើប្រទេសជាតិ ប្រកបដោយភាពសុខសាន្ត ដោយឈរលើមាគ៌ាដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ។

សម្រាប់លោកស្រី មៀច សុខារី អតីតជាគ្រូបង្រៀន ដែលបានចូលនិវត្តន៍ផងនោះ បានបង្ហាញនូវភាពសប្បាយរីករាយ ខណៈពេលដែលបានឃើញសិស្សរបស់ខ្លួន បានរៀបចំធ្វើពិធីជួបជុំគ្នានាពេលនេះ ដើម្បីបង្ហាញនូវទឹកចិត្តដឹងគុណចំពោះគុណូបការៈរបស់លោកគ្រូ អ្នកគ្រូ ដែលបានផ្តល់នូវចំណេះរហូតមកដល់បច្ចុប្បន្ន ។

លោកស្រី មៀច សុខារី បានបន្ថែមទៀតថា សកម្មភាពរបស់សិស្សនាពេលនេះ ក្នុងនាមជាគ្រូបង្រៀនគ្មានអ្វីដែលសប្បាយចិត្ត នៅពេលឃើញសិស្សរបស់ខ្លួនមានភាពរីកចម្រើន មានការងារធ្វើល្អៗ ក្លាយជាប្រជាពលរដ្ឋល្អ ជាមនុស្សមានប្រយោជន៍សម្រាប់សង្គមជាតិ ហើយបានរួបរួមគ្នាកសាងប្រទេសជាតិ យើងឱ្យកាន់តែមានការរីកចម្រើន ។

គួរបញ្ជាក់ថា ក្រៅពីការរៀបចំអាហារសាមគ្គីពេលល្ងាច លោកគ្រូ អ្នកគ្រូ ទាំងអស់ត្រូវបានការជួយឧបត្ថម្ភ ជាថវិកាមួយចំនួន ពីអតីតសិស្សទាំងអស់ សម្រាប់ដោះស្រាយក្នុងជីវភាពរស់នៅប្រចាំថ្ងៃ បានមួយផ្នែកផងដែរ ហើយសកម្មភាពនៃការជួបជុំគ្នា ក្នុងទិវារម្លឹកគុណគ្រូបែបនេះ នឹងបន្តធ្វើជារៀងរាល់ឆ្នាំ ដើម្បីបញ្ជាក់ពីការរិតចំណងសាមគ្គីភាពរវាងអតីតសិស្សជាមួយគ្នាផង ក៏ដូចជាការបង្ហាញនូវការរម្លឹកដឹងគុណគ្រូផង តាមប្រធានបទ “គ្រូមួយថ្ងៃ គ្រូមួយជីវិត” ៕