រថយន្តកុងតឺន័រឈប់ ចុះដើរឆ្លងផ្លូវ ចៃដន្យម៉ូតូហ្រ្វាំងមិនទាន់បុកបាក់ជើងស្តាំ

ភ្នំពេញ ៖  ខណៈឈប់ចតរថយន្តកុងតឺន័រភ្លាម បុរសជាអ្នកបើកបររថយន្តម្នាក់ លោតចុះដើរឆ្លងផ្លូវភ្លែត ត្រូវបានម៉ូតូហុងដាឌ្រីមមួយគ្រឿង បើកលឿនជ្រុលបុករងរបួសបាក់ជើងស្តាំ ។ ហេតុការណ៍ខាងលើកើតឡើងកាល ពីវេលាម៉ោង៧និង៣០នាទីព្រឹក នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ចំណុចភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះមាន ឈ្មោះ សុខ ឈៀន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ បើកបររថយន្តកុងតឺន័រ មានទីលំនៅភូមិក្របីព្រៃ ឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ រងរបួសបាក់ជើងស្តាំ ។

មុនកើតហេតុ ជនរងគ្រោះជាប្តី និងរូបគាត់ជាប្រពន្ធ បានបើករថយន្តកុងតឺន័រ ម៉ាកFUSO ពណ៌ស ពាក់ស្លាកលេខ កណ្តាល 3A-3012 សណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ កណ្តាល 4A-0296 ដឹកសម្ភារៈរបស់សាលារៀន មាន តុ និងកៅអី ពីខាងខេត្តកំពង់ធំ យកមកដាក់នៅសាលារៀនឯកជនមួយកន្លែង ក្បែរនឹងកន្លែងកើតហេតុ ដោយបើកតាមផ្លូវជាតិលេខ៣ ពីជើងទៅត្បូង ដល់ចំណុចកើតហេតុ មិនទាន់បានបើករថយន្តឆ្លងផ្លូវភ្លាមទេ សុខចិត្តឈប់ចតរថយន្តអៀបខាងចិញ្ចើមផ្លូវសិន ហើយលោតចុះដើរឆ្លងផ្លូវ ក្នុងគោលបំណងទៅសាកសួរសន្តិសុខ សាលារៀន ដើម្បីដាក់ទម្លាក់ តុ កៅអី ហើយគ្រាដែលកំពុងដើរឆ្លងផ្លូវ ស្រាប់តែមានម៉ូតូហុងដាឌ្រីមមួយគ្រឿង បើកបរល្បឿនលឿនពីជើងទៅត្បូង បុកជនរងគ្រោះ បណ្តាលឱ្យដួលរងរបួសតែម្តង ហើយម៉ូតូបង្កមិនដួលបានបើករត់គេចបាត់ស្រមោល បើតាមសម្តីស្ត្រីជាប្រពន្ធដែលរួមដំណើរជាមួយ បានឱ្យដឹង ។

ជនរងគ្រោះក្រោយកើតហេតុ ត្រូវបានបងប្អូនប្រជាពលរដ្ឋ ហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ៕