ម៉ូតូវីវ៉ាបញ្ច្រាសផ្លូវ ជ្រុលទៅបុកម៉ូតូស្កុបពី របួសធ្ងន់ស្រាល៤នាក់
ភ្នំពេញ៖ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូវីវ៉ា ជិះលើផ្លូវបញ្ច្រាស ជ្រុលទៅបុកជាមួយម៉ូតូស្កុបពី បុរសម្នាក់ និងកូនតូចប្រុសស្រី២នាក់រងរបួសធ្ងន់ ចំណែកបុរសម្នាក់ទៀតរងរបួសស្រាល ខណៈជិះលើផ្លូវអថិភាព បណ្តាលឱ្យដួលរណូករណែលពេញផ្លូវ ។
ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង៥និង៣៥នាទីល្ងាច កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៥ ភូមិសំរោង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ករណីខាងលើ បង្កឡើងដោយ ម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1J-8943 ជិះដោយបុរសម្នាក់ លើផ្លូវបញ្ច្រាសទិសដៅចរាចរណ៍ ពីត្បូងទៅជើង ដល់ចំណុចកើតហេតុ ជ្រុលបុកគ្នាជាមួយម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CM-3332 ជិះដោយបុរសម្នាក់ ឌុបកូនតូច២នាក់ ប្រុសម្នាក់ ស្រីម្នាក់ ពីជើងទៅត្បូង បណ្តាលឱ្យដួលរបួសធ្ងន់ស្រាល៤នាក់ បើតាមសមត្ថកិច្ចបានឱ្យដឹង ។
ក្រោយកើតហេតុ ជនរងគ្រោះ៣នាក់ឳពុកកូន ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកព្រែកព្នៅ ដឹកយកទៅ ហើយក្មេងរងគ្រោះ២នាក់ ត្រូវបានបញ្ជូនបន្តទៅមន្ទីរពេទ្យគន្ធបុប្ផា ។ ចំណែកបុរសម្នាក់ខាងម៉ូតូវីវ៉ា របួសស្រាល ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងយកម៉ូតូ២គ្រឿង ទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រងចាំដោះស្រាយពេលក្រោយ ៕