ប្រមុខដឹកនាំតួកគី៖ ដល់ពេលត្រូវចង់ដឹង ឱ្យច្បាស់ថា អ៊ីស្រាអែលមាន នុយក្លេអ៊ែរឬអត់?
តួកគី ៖ លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគី បានប្រកាសកាលពីថ្ងៃសៅរ៍ថា ប្រទេសតួកគីនឹងស្នើទៅអ្នកត្រួតពិនិត្យអន្តរជាតិ ដើម្បីកំណត់ថា តើអ៊ីស្រាអែលមានអាវុធនុយក្លេអ៊ែរ នៅក្នុងកម្មសិទ្ធិរបស់ខ្លួនឬយ៉ាងណា?
ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅលើជើងហោះហើរពីប្រទេសអាល្លឺម៉ង់ មេដឹកនាំតួកគីរូបនេះបានកត់សម្គាល់ថា អ៊ីស្រាអែលស្ថិតក្នុងចំណោមប្រទេសតិចតួចបំផុត ដែលមិនមែនជាភាគីនៃសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរឆ្នាំ ១៩៦៨ បើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹង ។
លោក Erdogan បាននិយាយថា ទីក្រុងអង់ការ៉ានឹងស្នើឱ្យទីភ្នាក់ងារថាមពលអាតូមិក អន្តរជាតិស៊ើបអង្កេតថា តើរដ្ឋជ្វីហ្វមានឃ្លាំងអាវុធនុយក្លេអ៊ែរដែរឬទេ? យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹង ។
លោក Erdogan បាននិយាយថា “ការឆ្ពោះទៅមុខជាមួយនឹងចំណុចនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ នៅក្នុងលក្ខខណ្ឌនៃតុល្យភាពផលប្រយោជន៍ ជាយុទ្ធសាស្រ្តនៅក្នុងតំបន់។ យើងនឹងបន្តដាក់សម្ពាធលើអ៊ីស្រាអែល»។ “អាវុធនុយក្លេអែររបស់អ៊ីស្រាអែលត្រូវតែត្រួតពិនិត្យលើសពីការសង្ស័យ មុនពេលវាយឺតពេល ។ យើងនឹងធ្វើការតាមដានរឿងនេះ ។ ខ្ញុំក៏សូមអំពាវនាវដល់សហគមន៍អន្តរជាតិ កុំឲ្យរឿងនេះកន្លងផុតទៅ» ។
ទោះបីជាអ្នកជំនាញជឿជាក់យ៉ាងទូលំទូលាយថា អ៊ីស្រាអែលរក្សាកម្មវិធីអាវុធនុយក្លេអ៊ែរសម្ងាត់ក៏ដោយ ក៏ប្រទេសនេះមិនបញ្ជាក់ ឬបដិសេធយ៉ាងច្បាស់លាស់ពីវត្តមានរបស់ខ្លួនឡើយ ។ ចំណែក លោក Amihai Eliyahu រដ្ឋមន្ត្រីបេតិកភណ្ឌរបស់អីស្រាអែល បានបង្កឱ្យមានកំហឹងពាសពេញពិភពលោកមូស្លីមក្នុងខែនេះ នៅពេលដែលលោកបានអណ្តែតលើគំនិតនៃការទម្លាក់ “គ្រាប់បែកនុយក្លេអ៊ែរ” លើតំបន់ហ្គាហ្សាស្ទ្រីប ។ នាយករដ្ឋមន្ត្រី Benjamin Netahyau បានព្យួរការងាររដ្ឋមន្ត្រីរូបនេះ ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី បន្ទាប់ពីមានការអត្ថាធិប្បាយដុតបំផ្លាញបែបនេះ៕