សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ ការប្រឡងចូលក្របខណ្ឌ ធ្វើម៉េចឲ្យអ្នកជាប់ប្រកបដោយមោទនៈ ខណៈអ្នកធ្លាក់ឲ្យគេអស់ចិត្ត

ភ្នំពេញ៖ សម្តេចធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានថ្លែងថា គោលការណ៍រដ្ឋ​ប្រកាស​ប្រឡងជ្រើសរើស ឲ្យបម្រើការនៅតាមឃុំ-សង្កាត់ លើជំនាញកសិកម្មត្រឹមចំនួន ២៥០នាក់ តែបេក្ខជនបានដាក់ឈ្មោះប្រឡងរហូតដល់ជិតមួយម៉ឺននាក់ ​ប៉ុន្តែទោះជាយ៉ាងណា​ការប្រឡងនេះ​ត្រូវប្រកាន់នូវជំហរ តម្លាភាព យុត្តិធម៌ និង​សុក្រឹត្យភាព ​ពោលគឺអ្នកជាប់ប្រកបដោយមោទនៈ ដោយ​អ្នកធ្លាក់ឲ្យគេអស់ចិត្ត ។

សម្តេចធិបតី នាយករដ្ឋមន្រ្តីបានបន្ថែមថា ​ការប្រឡងជ្រើសរើសន្ត្រីជំនាញកសិកម្មនៅតាមឃុំ-សង្កាត់ នាពេលខាងមុខនេះ ត្រូវតែប្រព្រឹត្តទៅប្រកបដោយគុណភាព​ខ្ពស់ ត្រូវផ្ដល់លទ្ធភាព​ដល់​អ្នកដែលមានឆន្ទៈខ្ពស់ពិតប្រាកដ លើកិច្ចការនេះ ដោយការធ្វើការមិនត្រឹមតែចង់បាន​ប្រាក់​ខែនោះទេ គឺត្រូវបម្រើ ​ដល់ប្រជាកសិករប្រកបដោយឆន្ទៈ​មុះមុត និងមានការជឿជាក់​ពីប្រជាកសិករ ។

ការថ្លែងរបស់សម្តេចនាយករដ្ឋមន្រ្តី គឺបានធ្វើឡើង នៅក្នុងឱកាសអញ្ជើញ​ជា​អធិបតី ក្នុង​ពិធីប្រកាស​ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ​នូវគោលនយោបាយអាទិភាពទី៥ ​និងទី៦របស់រាជ​រដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅទីស្តីការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៕