សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាលបន្តខិតខំពង្រីក កសិកម្មជាលក្ខណៈគ្រួសារឲ្យទៅជាកសិឧស្សាហកម្ម
ភ្នំពេញ៖ សម្តេចធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាលនឹងបន្តខិតខំពង្រីកពីកសិកម្មជាលក្ខណៈគ្រួសារឲ្យក្លាយទៅជាកសិកម្មទំនើប និងកសិ-ឧស្សាហកម្ម នៅក្នុងប្រទេសដើម្បីលើកកម្ពស់ជីវភាពរបស់កសិករឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។
នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា បានលើកឡើងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជា ច្រើនទាក់ទងនឹងការលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជាឲ្យកាន់តែល្អ និងគ្រប់ស្តង់ដារ ខណៈគោលនយោបាយអាទិភាពទី៥ និងទី៦ ដែលដាក់ឲ្យប្រើប្រាស់នាពេលនេះគឺមានសារៈសំខាន់យ៉ាងខ្លាំង ដោយគោលនយោបាយទាំងពីរនេះគឺធ្វើយ៉ាងណាបង្កើននូវសក្តានុពលផ្នែកសិកម្មរបស់កម្ពុជា ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសជាតិទាំងមូល។
ក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភានេះដែរ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានប្រកាសអបអរសាទរចំពោះ កម្ពុជាក្នុងរយៈពេល១០ឆ្នាំមកនេះ ក្រោយបានចូលរួមប្រកួតប្រជែងគុណភាព អង្ករល្អលើពិភពលោកនោះ គឺអង្កររបស់កម្ពុជាបានទទួលចំណាប់ថ្នាក់ជាអង្ករល្អបំផុតនៅលើពិភពលោកចំនួន៥លើកជាប់ៗគ្នា ហើយសម្តេចជំរុញឲ្យមន្រ្តីពាក់ព័ន្ធរក្សាការពារ និងខិតខំពង្រីកនូវកេរ្តិ៍ឈ្មោះ អង្ករកម្ពុជានេះឲ្យកាន់តែល្អជាងមុនបន្ថែមទៀតផងដែរ៕