​សាធារណរដ្ឋ​ដូមីនីកង់៖ ភ្លៀងធ្លាក់ខ្លាំងសម្លាប់មនុស្ស ២១នាក់ និងរាប់ពាន់នាក់ត្រូវជម្លៀសចេញ​ពីលំនៅឋាន​

ដូមីកង់ មនុស្សយ៉ាង​ហោច​ណាស់​ ២១នាក់ បានស្លាប់បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង មួយថ្ងៃមុន ដែលបាន​ធ្វើឱ្យ​ប្រជាពលរដ្ឋ​រាប់ពាន់​នាក់​ជម្លៀសចេញទីលំនៅឋាន បើតាមក្រុមអាជ្ញាធរសាធារណៈរដ្ឋដូមីកង់ កាលពីថ្ងៃអាទិត្យបានលើកឡើង ។

COE មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់បាននិយាយ ​នៅ​ក្នុង​របាយការណ៍​មួយ​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យថា មនុស្សជាង១៣.០០០នាក់ នៅក្នុងប្រទេសតំបន់ការ៉ាអ៊ីប មួយនេះ ត្រូវ​ជម្លៀស​ទៅ​កាន់តំបន់មានសុវត្ថិភាពបន្ថែមទៀត បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានជន់លិចផ្ទះសម្បែង បណ្តាល​ឱ្យដាច់ចរន្តអគ្គិសនី បំផ្លិចបំផ្លាញស្ពាន និងផ្នែកខ្លះនៃផ្លូវថ្នល់ ។

នគរបាលជាតិ បានថ្លែងថា ជនរងគ្រោះដោយសារព្យុះនេះ រួមមានមនុស្ស ៩នាក់ ដែល​បាន​ស្លាប់​កាល​ពីថ្ងៃសៅរ៍ បន្ទាប់ពីមានភ្លៀងធ្លាក់ បណ្តាលឲ្យជញ្ជាំងផ្លូវរូងក្រោមដី បាក់សង្កត់​លើ​រថយន្ត​របស់ពួកគេ។

មនុស្សជាង២.៥០០នាក់ ត្រូវ​បាន​ជួយសង្គ្រោះដោយភ្នាក់ងារការពារ ហើយលំនៅឋានជាង ២.៦០០ខ្នង ត្រូវបាន​រង​ផល​ប៉ះពាល់​ដោយព្យុះនេះ យោងតាមមជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ ខាងលើបានលើកឡើង។

តាមរបាយការណ៍របស់ មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ សហគមន៍ចំនួន ៤៥ បាន​គ្មានទំនាក់ទំនងទេ គិតត្រឹមរសៀលថ្ងៃអាទិត្យ ។

ភ្លៀង​ធ្លាក់​ខ្លាំង ផ្គររន្ទះ និងខ្យល់កន្រ្តាក់បានវាយប្រហារខេត្តមួយចំនួននៃកោះ ស្ថិតក្នុងតំបន់​សមុទ្រ​ការ៉ាអ៊ីប ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ។

ក្រុមអាជ្ញាធរ​បានប្រកាស​គ្រាអាសន្ន​ក្នុង​ខេ​ត្ត​ចំនួន​៣០​ក្នុង​ចំណោម​ខេត្ត​ទាំង​៣២​របស់​ប្រទេស​នេះ៕