ក្រោយរងភាពជាប់គាំងអស់រយៈពេលជាច្រើនខែ នាយករដ្ឋមន្រ្តីចាំផ្ទះអេស្ប៉ាញឈ្នះការគំាទ្រសម្រាប់អាណត្តិថ្មី
អេស្ប៉ាញ៖ លោកនាយករដ្ឋមន្រ្តី Pedro Sanchez មេដឹកនាំរបស់គណបក្សសង្គមនិយមអេស្ប៉ាញ ត្រូវគេឃើញថា បានបង្ហាញភាពសប្បាយរីករាយជាមួយនឹងស្នាមញញឹម បន្ទាប់ពីលោកបានឈ្នះការបោះឆ្នោតផ្តល់សេចក្ដីទុក្ខនៅក្នុងសភាកាលពីថ្ងៃព្រហស្បតិ៍កន្លងមកនេះ ដើម្បីបន្តតំណែងជានាយករដ្ឋមន្រ្តីរបស់ប្រទេសអេស្ប៉ាញ សម្រាប់រយៈពេល៤ឆ្នាំទៅមុខទៀត និងក្រោយពីបានឆ្លងកាត់ភាពចម្រូងចម្រាស់អស់រយៈពេលជិត៤ខែ គិតចាប់តាំងពីក្រោយការបោះឆ្នោតកាលពីក្នុងខែកក្កដាកន្លងទៅ ។
ដោយទទួលបានសម្លេងគាំទ្របន្ថែម ពីក្រុមអ្នកនយោបាយរបស់ពលរដ្ឋអម្បូរភាគតិចកាតាឡូញ៉ា ក្រោមការចចារសម្របសម្រួលគ្នារវាងលោកសាន់ចេស ជាមួយនឹងមេដឹកនាំរបស់ក្រុមផ្ដាច់ខ្លួនកាតាឡូញ៉ា លោក Carles Puigdemont ដែលបានស្នើឱ្យលោកបង្កើតច្បាប់លើកលែងទោស សម្រាប់ក្រុមអ្នកទោសជាសកម្មជននៃក្រុមពលរដ្ឋអម្បូរភាគតិចកាតាឡូញ៉ា ដែលបានចូលរួមដឹកនាំការប៉ុនប៉ងបំបែករដ្ឋនៅអេស្ប៉ាញកាលពីឆ្នាំ ២០១៧ ដើម្បីជាថ្នូរទទួលបានការគាំទ្រផ្នែកនយោបាយ នៅពេលនេះដោយបានជួយឱ្យលោក Pedro Sanchez ឆ្លងកាត់ការបោះឆ្នោតផ្តល់សេចក្ដីទុក្ខចិត្តក្នុងសភាអេស្ប៉ាញ នៅក្នុងសម្លេងគាំទ្រចំនួន ១៧៩ ទល់នឹង ១៧១។
យ៉ាងណាមិញ ជ័យជម្នះរបស់លោកនាយករដ្ឋមន្រ្តី Pedro Sanchez នៅពេលនេះ ត្រូវមតិភាគច្រើនសម្តែងការរិះគន់ ជុំវិញការប្រើប្រាស់យុទ្ធសាស្រ្តនយោបាយរបស់លោកក្នុងការស្វែងរកចំនួនអាសនៈបន្ថែម ដើម្បីអាចបន្តការដឹកនាំប្រទេស ក្រោយពីគណបក្សសង្គមនិយមរបស់លោកបានបាត់បង់ចំនួនអាសនៈភាគច្រើនទៅលើគណបក្សប្រឆាំងនៅក្រោយការបោះឆ្នោត ខណៈមេដឹកនាំបក្សប្រឆាំងរបស់អេស្ប៉ាញ លោក Alberto Nunez Feijoo ក៏បានសម្តែងការខកចិត្តចំពោះការខកខានមិនបានដឹកនាំការបង្កើតរដ្ឋាភិបាល បន្ទាប់ពីគណបក្សអភិរក្សនិយមរបស់លោកមិនអាចស្វែងរកការគាំទ្របន្ថែមពីក្រុមគណបក្សនយោបាយដទៃដើម្បីបង្គ្រប់ចំនួនអាសនៈរបស់ខ្លួន ៕
ប្រភព៖ Reuters