បន្ទាប់ពីលំហូរចូលកាន់តែច្រើន ពីក្រុមស្វែងរកសិទ្ធិជ្រកកោនជាច្រើនថ្ងៃមកនេះ ប្រទេសហ្វាំងឡង់ បិទប៉ុស្តិ៍ព្រំដែនជាប់រុស្ស៊ី

ហ្វាំងឡង់ ៖ ប្រទេសហ្វាំងឡង់ បានបិទច្រកឆ្លងកាត់ព្រំដែនចំនួន៤ របស់ខ្លួនជាមួយប្រទេសរុស្ស៊ី ខណៈដែលទីក្រុង ហេលស៊ីនគី(Helsinki) ព្យាយាមបញ្ឈប់លំហូរចូលរបស់ក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោន ដែលខ្លួននិយាយថាត្រូវបានញុះញង់ដោយទីក្រុងមូស្គូ កាលពីព្រឹកថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ។

នៅឯប៉ុស្តិ៍ព្រំដែន Vaalimaa Nuijamaa Imatra និង ប៉ុស្តិ៍ Niirala នៅភាគអាគ្នេយ៍ប្រទេសហ្វាំងឡង់ ឆ្មាំព្រំដែនហ្វាំងឡង់ បានប្រកាសថាខ្លួននឹងដំឡើងរបាំង ចាប់ពីពាក់កណ្តាលអធ្រាត្រម៉ោងក្នុងស្រុក កាលពីថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ដែល ប៉ះពាល់យ៉ាងខ្លាំង ដល់ការធ្វើដំណើរជាច្រើនរវាងប្រទេសទាំងពីរ ។

សារព័ត៌មាន Reuters បានថតក្រុមជនអន្តោប្រវេសន៍មកដល់ប៉ុស្តិ៍ព្រំដែន Vaalimaa កាលពីយប់ថ្ងៃសុក្រ។

សូមបញ្ជាក់ឲ្យដឹងថា ហ្វាំងឡង់មានព្រំដែន ជាប់ជាមួយរុស្ស៊ី ប្រវែង១.៣៤០គីឡូម៉ែត្រ ដែលប្រើជាព្រំដែនខាងក្រៅរបស់សហភាពអឺរ៉ុបផងដែរ ។ យោងតាមអង្គភាពឆ្មាំព្រំដែន  ក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោនប្រមាណ ៣០០នាក់ ដែលភាគច្រើនមកពីប្រទេសអ៊ីរ៉ាក់ យ៉េមែន សូម៉ាលី និងស៊ីរី បានទៅដល់ប្រទេសហ្វាំងឡង់ក្នុងសប្តាហ៍នេះ ៕