ចាប់ខ្លួនជនសង្ស័យ២នាក់ ករណីកាច់សោរកម៉ូតូ ដោយសមត្ថកិច្ចព្រហ្មទណ្ឌកំរិតស្រាល
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ ២នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ករណីកាច់សោរកម៉ូតូ ។
ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល២០ និង០០នាទី ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីលួចមានស្ថានទម្ងន់ទោសដោយសារការកាប់គាស់ទម្លុះទម្លាយ (នាំគ្នាយកដែកសំប៉ែតចុងស្រួចរាងអក្សរតេ (ឧបករណ៍សំរាប់កាច់សោរកម៉ូតូ) ធ្វើសកម្មភាពកាច់បំបែកសោកម៉ូតូ លួចយកម៉ូតូចំនួន ០២ គ្រឿង ម៉ាកហុងដាប៊ីត ពណ៌ ស សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ១JI-៨៨៩៣ និងម៉ូតូ ម៉ាក ហុងដាហ៊្សូមមើ អ៊ិច ពណ៌កាប់ស្តាំង សេរីឆ្នាំ២០១៥ ពាក់ផ្លាកលេខ កណ្តាល១W-៧៧៥៨) ។
នៅចំណុចបន្ទប់ជួល ផ្លូវលំ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហេតុការណ៍កើតឡើង កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ០៣ និង ០០ នាទី ។ ជនសង្ស័យទាំងពីរនាក់៖
១-ឈ្មោះ ដូ ប៉ូ ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងប៉ះកង់ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
២-ឈ្មោះ វ៉ាង គីមហុង ហៅ ហ៊ុយ ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងម៉ាស៊ីនត្រជាក់ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ចំណែកជនរងគ្រោះឈ្មោះ វៃ ជីវ័ន ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅបន្ទប់ជួល ផ្លូវលំ ភូមិមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុន និង ឈ្មោះ តាន់ រក្សា ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅបន្ទប់ជួល ផ្លូវលំ ភូមិមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុន ។
នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ទោ ម៉ម សាវន បញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង០៣ និង០០ នាទី មានសង្ស័យ ០៤ នាក់ ជិះម៉ូតូ ០២ គ្រឿង បានយកដែកសំប៉ែតចុងស្រួចរាងអក្សរតេ (ឧបករណ៍សំរាប់កាច់សោរកម៉ូតូ) ធ្វើសកម្មភាពកាច់បំបែកសោកម៉ូតូ ចំនួន ០២ គ្រឿង ម៉ាក ហុងដាប៊ីត ពណ៌ ស សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខភ្នំពេញ១JI-៨៨៩៣ និងម៉ូតូ ម៉ាក ហុងដាហ៊្សូមមើអ៊ិច ពណ៌កាប់ស្តាំង សេរីឆ្នាំ២០១៥ ពាក់ផ្លាកលេខ កណ្តាល១W-៧៧៥៨ បានសម្រេចគេចខ្លួនបាត់អស់ ។
ដោយទទួលបានបទបញ្ជាពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ សមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ ២នាក់ សាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕