ទីក្រុងគីវ រុស្ស៊ីបើកការវាយប្រហារដោយយានដ្រូនលើ ពីរយប់ជាប់គ្នា

រុស្ស៊ី៖ រុស្ស៊ីបានបើកការវាយប្រហារដោយ យានដ្រូនជាច្រើនលើកលើទីក្រុង គីវ (Kyiv) កាលពីព្រឹកថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា នៅពេលយប់ពីរយប់ជាប់គ្នា ដោយបានបង្កើនការវាយប្រហាររបស់ខ្លួន លើរដ្ឋធានីរបស់អ៊ុយក្រែន ក្រោយផ្អាកជាច្រើនសប្តាហ៍ បើតាមរដ្ឋបាលយោធារបស់ទីក្រុងនេះ បានលើកឡើង។

ប្រធានរដ្ឋបាលយោធាទីក្រុង Kyiv លោក សេហ៊ី ផុបកូ (Serhiy Popko) បាននិយាយ នៅលើបណ្ដាញសង្គម Telegram ថា យានដ្រូន របស់សត្រូវ ត្រូវបានបាញ់ជាក្រុមជាច្រើន ហើយបានវាយប្រហារលើទីក្រុង Kyiv ជាបន្តបន្ទាប់ ពីទិសដៅផ្សេងៗគ្នា ក្នុងពេលដំណាលគ្នា ដោយបានផ្លាស់ប្តូរចលនានៃគោលដៅតាមផ្លូវ។ នោះហើយជាមូលហេតុ ដែលការជូនដំណឹងអំពីការវាយឆ្មក់ តាមអាកាសត្រូវបានប្រកាសជាច្រើនដង នៅក្នុងរដ្ឋធានី ។

កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបំផ្លាញយានដ្រូន Shahed kamikaze ចំនួន១៥ គ្រឿងក្នុងចំណោម ២០គ្រឿងដែលបាញ់ដោយរុស្ស៊ី លើតំបន់រដ្ឋធានី Kyiv តំបន់ Poltava និងតំបន់ Cherkasy ។

លោក Popko បាននិយាយ ថា មិនមានរបាយការណ៍ភ្លាមៗអំពី ការខូចខាតធ្ងន់ធ្ងរ ឬការបាត់បង់ជីវិតមនុស្សនោះទេ។ លោកក៏បាននិយាយផងដែរថា យានដ្រូន ជិត ១០ គ្រឿងត្រូវបានបាញ់ទម្លាក់នៅលើទីក្រុងគីវ និងតំបន់ជាយក្រុងនេះ ៕