ជម្លោះ បន្តឆក់យកជីវិតមនុស្សមិនតិចជាង ១៣.៤០០នាក់ រវាងហាម៉ាសប៉ាឡេស្ទីន-អ៊ីស្រាអែល

ហ្កាហ្សា៖ យោងតាមទិន្នន័យផ្លូវការ ដែលចេញផ្សាយដោយភាគីទាំងពីរ ចំនួនអ្នកស្លាប់ដោយសារជម្លោះហាម៉ាសប៉ាឡេស្ទីន-អ៊ីស្រាអែល ដែលកំពុងបន្តមាននោះ បានកើនឡើងលើសពី ១៣.៤០០នាក់ហើយ ។

នៅទីក្រុងហ្កាហ្សា ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាស កាលពីថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា បានឲ្យដឹងថា ចំនួនអ្នកស្លាប់ពីភាគីប៉ាឡេស្ទីន បានកើនឡើងដល់ ១២.០០០នាក់ហើយ ក្នុងនោះរួមទាំងកុមារប្រហែល ៥.០០០នាក់ និងស្ត្រី ៣.៣០០នាក់ផងដែរ បន្ទាប់ពីមានការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីថ្ងៃទី៧ ខែតុលាមក។

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយនេះ បានបន្ថែមថា មនុស្សជាង ៣០.០០០នាក់ បានរងរបួស នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ដោយជាង ៧៥ភាគរយ ជាស្ត្រី និងកុមារ ។

ស្របគ្នានេះ ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយនៅថ្ងៃដដែលនោះថា ជនជាតិប៉ាឡេស្ទីនចំនួន ២០៥នាក់ បានបាត់បង់ជីវិត នៅតំបន់វ៉េសប៊ែង គិតចាប់តាំងពីជម្លោះផ្ទុះឡើង ដោយធ្វើការកត់សម្គាល់ថា កិច្ចខិតខំប្រឹងប្រែង ដើម្បីកត់ត្រាតួលេខជនរងគ្រោះឲ្យបានត្រឹមត្រូវ ត្រូវបានជួបប្រទះនឹងឧបសគ្គយ៉ាងខ្លាំង ដោយសារការបិទមន្ទីរពេទ្យ នៅតំបន់ហ្កាហ្សា និងរអាក់រអួលផ្នែកទំនាក់ទំនង ។

រីឯភាគីអ៊ីស្រាអែល នៅមិនទាន់បានធ្វើបច្ចុប្បន្នភាពតួលេខអ្នកស្លាប់នោះទេគិតត្រឹមថ្ងៃសុក្រ ប៉ុន្តែទិន្នន័យពីមុន បានប៉ាន់ប្រមាណថា ជនជាតិអ៊ីស្រាអែលប្រហែល ១.២០០នាក់ ត្រូវបានសម្លាប់នៅក្នុងជម្លោះនេះ ៕