អ៊ុយក្រែន ការវាយប្រហារលើប៉ុស្ដិ៍បញ្ជាការរបស់រុស្ស៊ី តែរុស្ស៊ីថាបាញ់ទម្លាក់យន្ដហោះប្រយុទ្ធអ៊ុយក្រែន

រុស្ស៊ី៖ រុស្ស៊ីបាននិយាយ កាលពីថ្ងៃសៅរ៍ថា កងទ័ពរបស់ខ្លួនបាញ់ទម្លាក់ យន្ដហោះប្រយុទ្ធរបស់អ៊ុយក្រែនធន Mig-29ចំនួន៣គ្រឿង ខណៈអ៊ុយក្រែន បានអះអាងថា កងទ័ពរបស់ខ្លួនបានវាយប្រហារប៉ុស្ដិ៍ បញ្ជាការរុស្ស៊ីមួយបានជោគជ័យ នេះបើយោងតាមរបាយការណ៍សង្ខេបបច្ចុប្បន្នភាព ផ្លូវការពីប្រទេសទាំងពីរ បានឲ្យដឹង។

នៅក្នុងសប្ដាហ៍កន្លងទៅនេះ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសន្និសីទកាសែតខ្លីមួយ កាលពីថ្ងៃសៅរ៍ថាកងទ័ពរុស្ស៊ីបានទប់ការវាយប្រហាររបស់កងទ័ពអ៊ុយក្រែននៅមុខព្រួញជាច្រើន ក្នុងនោះរួមមាន តំបន់គូពីយ៉ាំង (Kupyanksk) ក្រាសនីលីម៉ាន់ និង ដូនេត ហ្សាប៉ូរីហ្សា ឃើសិន ហើយនិងបានវាយប្រហារលើប្រព័ន្ធកាំភ្លើងធំ និងប៉ុស្ដិ៍បញ្ជាការអ៊ុយក្រែនផងដែរ។

លើសពីនេះ ក្រសួងការពារជាតិ បានអះអាងថា កងទ័ពអាកាសរុស្ស៊ី បានបាញ់ទម្លាក់យន្ដហោះចម្បាំងធន MIG-29ចំនួន៣គ្រឿងមកពីខាងអ៊ុយក្រែន ហើយនឹងបានបាញ់ស្កាត់រ៉ូកែតបាញ់ចេញពីជើងទម្រហ៊ីម៉ាស់ (HIMARS) ចំនួន២២គ្រាប់ និងយានដ្រូនចំនួន១៩៨គ្រឿង ។

នាយអគ្គសេនាធិការកងទ័ពអ៊ុយក្រែនឬ(AFU) បានអះអាងនៅថ្ងៃជាមួយគ្នានេះដែរថា រយៈពេល២៤ម៉ោងកន្លងទៅនេះ ការប្រយុទ្ធគ្នា៥៣លើក បានកើតឡើងនៅក្នុងតំបន់សមរភូមិ ដោយបានលើកឡើងថា កងទ័ពអ៊ុយក្រែន បានវាយប្រហារលើចំណុចជាច្រើន ដែលមានវត្ដមានបុគ្គលិកយោធា និងគ្រឿងយុទ្ធោបករណ៍របស់រុស្ស៊ី ហើយបានបំផ្លាញប្រព័ន្ធការពារអាកាសមួយកន្លែង និងឃ្លាំងស្ដុកគ្រាប់រំសេវមួយកន្លែង ។

ស្របពេលជាមួយនេះ ប្រធានាធិបតីប្រទេសហ្វាំងឡង់ លោក ស៊ូលី នី នីស្ដូ (Sauli Niinisto) បាននិយាយ កាលពីថ្ងៃសៅរ៍ថា ហ្វាំងឡង់ បានសម្រេចផ្ដល់ឲ្យអ៊ុយក្រែននូវកញ្ចប់ជំនួយយោធាថ្មីមួយទៀត ដែលមានទឹកប្រាក់ប្រមាណជា ១០០លានអឺរ៉ូ ស្មើនឹង (១០៩លានដុល្លាអាមេរិក)៕