វិធីបង្កកំណើតទារកដំបូងគេក្នុងទីអវកាស របស់ក្រុមហ៊ុនហូឡង់
លោក Egbert Edelbroek អ្នកជំនួញជនជាតិហូឡង់ ជាម្ចាស់ក្រុមហ៊ុន Spaceborn United កំពុងសិក្សាស្រាវជ្រាវដើម្បីបង្កកំណើត និងបង្កើតទារកតាមធម្មជាតិនៅក្នុងបរិស្ថាន ដែលមានកម្លាំងទំនាញខ្សោយដូចនៅលើភពអង្គារ។
ក្នុងដំណើរឆ្ពោះទៅការសម្រេចគោលដៅខាងលើ ទោះជាមានឧបសគ្គច្រើន ប៉ុន្តែ លោក Edelbroek ជឿថា លោកអាចមើលឃើញទារកដំបូង ដែលបង្កកំណើតក្នុងទីអវកាស នេះបើតាម AFP ចុះផ្សាយកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
លោក Edelbroek សង្កត់ធ្ងន់ថា «មនុស្សជាតិ ត្រូវតែជាសត្វលោក ដែលរស់នៅក្នុងអន្តរភព ។ បើសិនជាចង់រស់នៅដោយឯករាជ្យ នៅខាងក្រៅផែនដី យើងត្រូវការដោះស្រាយបញ្ហានៃការបន្តពូជ» ។
ការបង្កកំណើតក្នុងទីអវកាស មានឧបសគ្គច្រើន ដោយឧបសគ្គចម្បងគេគឺកង្វះកម្លាំងទំនាញ ធ្វើឱ្យគូស្នេហ៍ងាយនឹងអណ្តែតឆ្ងាយពីគ្នា ដូច្នេះ Spaceborn United គឺជាក្រុមហ៊ុនដំបូងគេដែលស្វែងរកវិធីបង្កកំណើត នៅទីអវកាស។
លោក Edelbroek ថា យោងតាមឧបសគ្គមួយទៀត នោះគឺធាតុរាវរបស់រាងកាយនឹងត្រូវបានរុញច្រានឡើងទៅលើ នៅក្នុងបរិស្ថានកម្លាំងទំនាញទាប ដែលផ្ទុយពីនៅលើផែនដី ។ ដូច្នេះ ជាដំបូង មនុស្សត្រូវការបង្កើតបរិស្ថានមួយដែលល្អឥតខ្ចោះ ។
ក្រុមអ្នកវិទ្យាសាស្ត្រ កំពុងស្វែងយល់អំពីវិធីបង្កកំណើត ក្នុងបន្ទប់ពិសោធន៍ ដែលមានកម្លាំងទំនាញផែនដីទាប ប៉ុន្តែ លោក Edelbroek និយាយថា គម្រោងបាញ់បង្ហោះកោសិកាកណ្ដុរទៅពិសោធន៍ ក្នុងទីអវកាសនឹងធ្វើឡើងនៅចុងឆ្នាំនេះ ។ បន្ទាប់មក ក្នុងរយៈពេលពី 5 ដល់ 6 ឆ្នាំទៀត ក្រុមហ៊ុននេះនឹងពិសោធន៍លើកោសិកាមនុស្ស ។
ចំពោះបញ្ហាសីលធម៌ គឺជាមូលហេតុដែលធ្វើឱ្យការបង្កកំណើតក្នុងទីអវកាស ទាក់ទាញចំណាប់អារម្មណ៍របស់បណ្ដាក្រុមហ៊ុនឯកជនដូច Spaceborn ជំនួសឱ្យណាសា ដែលរារែកក្នុងការផ្ដល់ថវិកាសម្រាប់ប្រធានបទ «រសើប»នេះ ។ ក៏ប៉ុន្តែ លោក Edelbroek ជឿថា នឹងមានពេលវេលាគ្រប់គ្រាន់ ដើម្បីបង្កើតទារកដំបូងដែលបង្កកំណើតក្នុងអវកាស មុនពេលលោកទទួលមរណភាព ៕