ចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ អាមេរិក និងហ្វីលីពីន ដ៏សំខាន់មួយ

នៅថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកានេះ សហរដ្ឋអាមេរិក និងហ្វីលីពីន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយ  ដែលនឹងអនុញ្ញាតឱ្យទីក្រុងវ៉ាស៊ីនតោន នាំចេញបច្ចេកវិទ្យានុយក្លេអ៊ែរ និងសម្ភារៈទៅកាន់ទីក្រុងម៉ានីល ដែលកំពុងស្វែងរកការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ ដើម្បីបំបែកសារធាតុកាបូន និងជំរុញឯករាជ្យភាពថាមពល ។

លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយនៅក្នុងពិធីចុះហត្ថលេខាមួយ នៅខាងក្រៅកិច្ចប្រជុំកំពូល APEC នាទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូថា «សហរដ្ឋអាមេរិក នឹងអាចចែករំលែកឧបករណ៍ និងសម្ភារៈជាមួយប្រទេសហ្វីលីពីន នៅពេលដែលពួកគេធ្វើការ ដើម្បីបង្កើតរ៉េអាក់ទ័រម៉ូឌុលខ្នាតតូច និងហេដ្ឋារចនាសម្ព័ន្ធថាមពលនុយក្លេអ៊ែរស៊ីវិលដទៃទៀត» ។

លោក Ferdinand Marcos Jr ប្រធានាធិបតីហ្វីលីពីន បានថ្លែងនៅក្នុងសុន្ទរកថាមួយថា «យើងមើលឃើញថាថាមពលនុយក្លេអ៊ែរ ក្លាយជាផ្នែកនៃល្បាយថាមពលរបស់ប្រទេសហ្វីលីពីន នៅឆ្នាំ២០៣២ ហើយយើងរីករាយជាងក្នុងការបន្តផ្លូវនេះជាមួយសហរដ្ឋអាមេរិក។ ថាមពលនុយក្លេអ៊ែរគឺជាផ្នែកមួយ ដែលយើងអាចបង្ហាញពីសម្ព័ន្ធភាព និងភាពជាដៃគូរបស់ហ្វីលីពីន-អាមេរិក ពិតជាដំណើរការ»។

ហ្វីលីពីន ចង់ទាញយកថាមពលនុយក្លេអ៊ែរ ជាប្រភពជំនួសដែលអាចផ្ទុកថាមពលបាន ខណៈដែលខ្លួនព្យាយាមបញ្ឈប់ដំណើរការពីរោងចក្រធ្យូងថ្ម ដើម្បីជួយបំពេញគោលដៅអាកាសធាតុ និងជំរុញសន្តិសុខថាមពល។ ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ ងាយរងគ្រោះដោយសារតម្លៃប្រេងពិភពលោកដែលប្រែប្រួល ការដាច់ចរន្តអគ្គិសនីតាមរដូវកាល និងអត្រាអគ្គិសនីខ្ពស់ជាដើម ៕