​យាន​ស្រាវជ្រាវ​ភព​អង្គារ ​ត្រូវ​ធ្វើ​សកម្មភាព​តែ​ឯង បន្ទាប់ពីដាច់​ទំនាក់​ទំនង​នឹង​ផែនដី​

NASA ទីភ្នាក់ងារ​អវកាស​អាមេរិក បាន​ផ្អាក​ការ​បញ្ជូន​ការបញ្ជា ​ទៅ​កាន់​រ៉ូបូត​នានារបស់​ខ្លួន​ ​ដែល​កំពុង​ស្រាវជ្រាវ​លើ​ភព​ព្រះ​អង្គារ ធ្វើ​ឱ្យ​ពួក​វា​ត្រូវ​ធ្វើ​សកម្មភាព​ដោយ​ស្វ័យ​ប្រវត្តិ​ ។

ខណៈនេះ យើង​កំពុង​ឆ្លង​កាត់​ព្រឹត្តិការណ៍​មួយ ​ដែល​អូស​បន្លាយ​​ពេល​ពីរ​សប្ដាហ៍​ នៅ​ពេល​ផែនដី និង​ភព​អង្គារ​ស្ថិត​នៅត្រង់​​​ចំហៀង​ផ្ទុយ​គ្នា​របស់​ព្រះអាទិត្យ​ ។ ដូច្នេះ បណ្ដា​បេសកម្ម ​នៅលើ​ភព​អង្គារ​ក៏​ត្រូវ​ផ្អាក​ការ​ទទួល​បញ្ជា​ពី​ផែនដី​ ដើម្បី​សុវត្ថិភាព​ នេះ​បើ​តាមទំព័រ Space.com។

ណាសា​បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃទី១០ ខែវិច្ឆិកា​ថា «បេសកកម្ម​បច្ចុប្បន្ន​ត្រូវ​ផ្អាក​បណ្ដោះ​អាសន្ន​ ព្រោះ​តែ​ឧស្ម័នអ៊ីយ៉ូដ​​ក្ដៅ​ ដែល​បំភាយ​ចេញ​ពី​បរិយាកាស​​ខាង​ក្រៅ​របស់​ព្រះ​អាទិត្យ (កូរ៉ូណា)​ អាច​បង្ខូច​រលក​សញ្ញា​វិទ្យុ ​ដែល​ត្រូវ​បាន​បញ្ជូន​ពី​ផែនដី ​ទៅ​កាន់​យាន​អវកាស​លើ​ភព​អង្គារ​​ នាំ​ឱ្យ​មាន​សកម្មភាព​មិន​បាន​កើត​ឡើង​»។

ក៏ប៉ុន្តែ បណ្ដា​ក្រុម​បំពេញ​បេសកកម្ម នៅ​​ភព​អង្ការ​របស់​ណាសា​ នៅ​តែ​ដំណើរ​ការ​ក្នុង​អំឡុង​ពេល​ខាងលើ​។ ក្នុង​ព្រឹត្តិការណ៍ ​ដែល​អូស​បន្លាយ​ពី​ថ្ងៃទី 10 វិច្ឆិកា​ដល់ 25 វិច្ឆិកា រ៉ូបូត​ទាំង​អស់​នឹង​បន្ត​ធ្វើ​សកម្មភាព​ទាំង​ឡាយ​ ដែល​មិន​ចាំបាច់​ទទួល​បញ្ជា​ពីផែនដី ​។

ស្របគ្នា​នេះ យានអវកាស​​បី​គ្រឿង​របស់​ណាសា​ ដែល​កំពុង​គោចរ​ជុំវិញ​ភព​អង្គារ​ ដែល​រួម​មាន Odyssey, MRO និង MAVEN ក៏​នៅតែ​សង្កេត​មើល​ភព​នេះ​ពីទី​អវកាស​៕