បិទស្ពាន San Francisco Bay ក្នុងអំឡុងវេទិកា APEC ពីបាតុករប្រឆាំងសង្រ្គាមអ៊ីស្រាអែល

អាមេរិក៖  ការចាប់ផ្តើមចាប់ខ្លួនក្រុមបាតុករ ដែលកំពុងអំពាវនាវឱ្យមានបទឈប់បាញ់ ក្នុងសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស ពីសំណាក់នគរបាលទីក្រុង San Francisco កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបាតុកម្ម បានបិទស្ពាន ជាផ្លូវធ្វើដំណើរដ៏សំខាន់ចូលទៅក្នុងទីក្រុង ដែលកំពុងរៀបចំវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ។

អ្នករៀបចំបាននិយាយថា មនុស្ស ២០០នាក់ បានចូលរួមក្នុងបាតុកម្ម ដែលអំពាវនាវឱ្យបញ្ចប់ការផ្តល់ជំនួយយោធា របស់សហរដ្ឋអាមេរិកដល់ប្រទេសអ៊ីស្រាអែល។

នគរបាលរាប់រយនាក់ បានចាប់ផ្តើមចាប់ខ្លួន និងឲ្យក្រុមបាតុករចាកចេញឆ្ងាយ បន្ទាប់ពីក្រុមល្បាតផ្លូវ Highway រដ្ឋកាលីហ្វ័រនីញ៉ា បានចេញបញ្ជាឲ្យបំបែកក្រុម ដែលបានមកប្រមូលផ្តុំគ្នា។ អាជ្ញាធរ បានដាក់ពង្រាយរថយន្តសណ្តោង ដើម្បីនាំយកចេញរថយន្តរបស់ក្រុមអ្នកតវ៉ា ដែលបានដាក់បិទស្ពាន។

អង្គភាពសេវាសង្គ្រោះបន្ទាន់ក្នុងតំបន់ បានព្រមានពីការកកស្ទះក្នុងអំឡុងពេល ម៉ោងមមាញឹកនៅពេលព្រឹកនៅលើស្ពានដែលភ្ជាប់ទីក្រុង Oakland និងទីក្រុងនៅជ្រោយខាងកើត East Bay ផ្សេងទៀតទៅកាន់ទីក្រុង San Francisco ។

ក្រុមជាច្រើនបានមកចូលរួមនៅក្នុងបាតុកម្ម រួមមានទាំងចលនាយុវជនប៉ាឡេស្ទីន និងសាមគ្គីភាពប៉ាឡេស្ទីននៅតំបន់ជ្រោយ Bay Area បើយោងតាមសេចក្តីប្រកាសព័ត៌មានបានលើកឡើង។

ការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញថា មុនពេលការបំបែក ក្រុមអ្នកតវ៉ាបានដាក់ច្រវាក់ខ្លួនឯងរួមគ្នានៅតាមរថយន្តដែលតុបតែងដោយស្លាកសញ្ញាសរសេរថា «សេរីប៉ាឡេស្ទីន» ក្នុងចំណោមស្លាកសញ្ញាដទៃទៀត។ ចរាចរណ៍ ធ្វើដំណើរនៅលើស្ពានឆ្ពោះទៅកាន់ទីក្រុង San Francisco បានចាប់ផ្តើមដំណើរការវិញនៅម៉ោងប្រហែល ១០:៤៥ នាទីព្រឹក ម៉ោងក្នុងតំបន់ បន្ទាប់ពីបានរៀបចំឡើងវិញ៕