ការអំពាវនាវ របស់សម្ដេចធិបតី៖ ពលរដ្ឋរួមគ្នាប្រឆាំងគោលការណ៍ជ្រុលនិយមទាំងសាសនា និងនយោបាយ

ភ្នំពេញ៖ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ ពលរដ្ឋកម្ពុជា​ទាំងអស់ ត្រូវរួមគ្នាប្រឆាំងដាច់ខាតនូវគោលការណ៍ទាំងឡាយណា​ ដែលមានចរិកជ្រុលនិយម មិនថាគោលការណ៍ជ្រុលនិយមក្នុងសាសនា ​ឬគោលការណ៍ជ្រុលនិយមក្នុងនយោបាយនោះទេ គឺត្រូវតែលុbបំបាត់ឱ្យអស់ចេញពីប្រទេសកម្ពុជា។

 

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ ក្នុងឱកាសអញ្ជើញ ជាអធិបតី​ពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេនសម្តេច និងព្រះមន្ត្រីសង្ឃជាន់ខ្ពស់នៃគណៈមហានិកាយកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា នយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដីនៃកម្ពុជា ដែលបានបង្កើតឡើង ធ្វើឱ្យកម្ពុជាអាចបញ្ចប់សង្គ្រាមនៅឆ្នាំ ១៩៩៨ ដែលអាចឱ្យគ្រប់សាសនាទាំងអស់ នៅក្នុងប្រទេសកម្ពុជា បានរួចផុតពីការស្លាប់។

 

សម្ដេចធិបតី មានប្រសាសន៍ថា ក្នុងពេលដែលមានសង្គ្រាមគ្រប់សាសនាទាំងអស់ ត្រូវរង​ផល​ប៉ះពាល់ ដូច្នេះការបញ្ចប់សង្គ្រាមក៏បានស្រោចស្រង់ និងផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋកម្ពុជា ​អាចប្រតិបត្តិសាសនា​របស់ខ្លួនឡើងវិញ លើគ្រប់សាសនាទាំងអស់ ស្របតាមសិទ្ធិសេរីភាពរបស់​ខ្លួន។ ហើយការជំរុញ និងលើកកម្ពស់សិទ្ធិសេរីភាពក្នុងវិស័យសាសនា​ ក៏ត្រូវបានធ្វើឡើងវិញ ទោះបី​ជា​ព្រះពុទ្ធសាសនាជាសាសនារបស់ររដ្ឋក្ដី។

 

សម្ដេចធិបតីថ្លែងថា៖«ការទាំងពីរ គឺកត្តាគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាការចូលរួម​របស់សហគមន៍នៅក្នុងការជួយទប់ស្កាត់ ​និងលុបបំបាត់មិនឱ្យកើតមាននៅលើទឹកដីកម្ពុជា លើការ​ប្រកាន់គោលជំហរ រើសអើង ឬមួយគោលនយោបាយ ទស្សនជ្រុលនិយមបែបណាមួយនោះ គឺដាច់ខាតរួមគ្នាការពារកុំឱ្យកើតមាន ​ហើយបើ​មានត្រូវលុបបំបាត់ឱ្យអស់ ដើម្បីថែរក្សានូវ​សុខ​សន្ដិភាព និងសុខដុមរមនារបស់កម្ពុជា»។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា តាមរយៈគោលនយោបាយ ឈ្នះ ឈ្នះ របស់​សម្ដេចតេជោ ដែលប្រកបដោយសច្ចៈធម៌ មេត្តាធម៌ ​និងការសង្រ្គោះដល់ខ្មែរដូចគ្នា ធ្វើឱ្យកម្ពុជា​អាចបញ្ចប់សង្គ្រាមទាំងស្រុងក្នុងឆ្នាំ ១៩៩៨ ​ហើយប្រទេសកម្ពុជាអាចកសាងប្រទេសឡើងវិញ ទាំងហេដ្ឋារចនាសម្ព័ន្ធ ​និងជំនឿសាសនា​ ការអប់រំជាដើម។

 

សម្ដេច បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប រួមគ្នារក្សានូវ​សុខសន្ដិភាពរបស់កម្ពុជា និងរួមគ្នា​លុបបំបាត់ និងប្រឆាំង ​ចំពោះ​គោលការណ៍​ជ្រុលនិយមទាំងសាសនា ​និងនយោបាយ៕