សម្ដេចធិបតី នាយករដ្ឋមន្ត្រី លើកទឹកចិត្តដល់ក្រុមហ៊ុនវិនិយោគចិននៅខេត្តសៀមរាប បន្តវិនិយោគបន្ថែមទៀត
សៀមរាប៖ សម្ដេចធិបតី នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត បានជំរុញ និងលើកទឹកចិត្តដល់ក្រុមហ៊ុនវិនិយោគចិន ជាពិសេសខេត្តយូណាន បន្តការរៀបចំផែនការ វិនិយោគបន្ថែមទៀត នៅខេត្តសៀមរាប ឱ្យបានតាមផែនការ ដែលបានគ្រោងទុក និងការរៀបចំដំណើរការអាកាសយានដ្ឋានថ្មី សៀមរាបអង្គរឱ្យបានល្អ ដើម្បីឱ្យខេត្តសៀមរាបក្លាយជាប៉ូលអភិវឌ្ឍន៍ពហុបំណង ក្នុងព្រះរាជាណាចក្រកម្ពុជា ។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានជំរុញបែបនេះ ក្នុងឱកាស ជំនួបជាមួយ ឯកឧត្តម វ៉ាង យូបូ (Wang Yubo)) អភិបាលខេត្តយូណាន និងគណៈប្រតិភូ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport)។
កិច្ចចាប់ផ្តើម សម្ដេចធិបតី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម វ៉ាង យូបូ និងគណៈប្រតិភូ ដែលបានអញ្ជើញមកចូលរួម «ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ» នៅព្រះរាជាណាចក្រកម្ពុជា ។
សម្ដេចធិបតីបញ្ជាក់ថា ថ្ងៃនេះជាថ្ងៃប្រវត្តិសាស្ត្រមួយសម្រាប់ខេត្តសៀមរាប ក៏ដូចជាព្រះរាជាណាចក្រកម្ពុជាទាំងមូល ដែលមានសមិទ្ធផលដ៏ធំ និងថ្មីសន្លាង បានលេចត្រដែតឡើង ដែលជានិមិត្តរូប នៃការអភិវឌ្ឍប្រទេសកម្ពុជា ក្នុងសម័យទំនើប ក៏ដូចជាតម្រូវការក្នុងការចូលរួមថែរក្សាសម្បត្តិ បេតិកភណ្ឌវប្បធម៌ជាតិរបស់កម្ពុជា និងជាការឆ្លុះបញ្ចាំងពីផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពល្អរវាង កម្ពុជា-ចិន សម្ដេចធិបតី ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនវិនិយោគទាំងបីរបស់ខេត្តយូណាន ដែលមានជំនឿទុកចិត្ត និងបានដាក់ទុនវិនិយោគលើទឹកដីកម្ពុជា ជាពិសេសការវិនិយោគលើអាកាស យានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ។
សម្តេចធិបតី ក៏បានគូសរំលេចថា អំពីការយកចិត្តទុកដាក់របស់សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការលើកកម្ពស់នូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន និងការគាំទ្រគម្រោងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ (BRI) ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសដែលកំពុង កអភិវឌ្ឍឱ្យមានការរីកចម្រើន។
កិច្ចឆ្លើយតប ឯកឧត្តម វ៉ាង យូបូ បានថ្លែងអំណរគុណយ៉ាងស្មោះ ចំពោះ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី និងសម្ដេចធិបតី ដែលបានគាំទ្រដល់គម្រោងវិនិយោគអាកាសយានដ្ឋានថ្មីនេះ ដែលធ្វើឱ្យក្រុមហ៊ុនអាចសម្រេចបានការសាងសង់ប្រកបដោយជោគជ័យ។
ឯកឧត្តមអភិបាលខេត្តក៏បានបង្ហាញនូវជំនឿជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចធិបតី ព្រះរាជាណាចក្រកម្ពុជា នឹងកាន់តែមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត ហើយទំនាក់ទំនងរវាងចិន-កម្ពុជា និយាយជារួម និងកិច្ចសហប្រតិការរវាងកម្ពុជា- ខេត្តយូណាននិយាយដោយឡែក កាន់តែរីកចម្រើនមួយកម្រិតថែមទៀត។
ឯកឧត្តមអភិបាលខេត្តក៏បានឯកភាព ចំពោះការលើកឡើងរបស់សម្ដេចធិបតី ក្នុងការគាំទ្រ និងជំរុញឱ្យអាកាសយានដ្ឋាននេះដំណើរការល្អ និងបន្តខិតខំក្នុងការពង្រីកការវិនិយោគបន្ថែម នៅលើទឹកដីខេត្តសៀមរាប។ ឯកឧត្តមអភិបាលខេត្តក៏បាន បញ្ជាក់ផងដែរថា តាមរយៈការឯកភាពរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ ដែលកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន ខេត្តយូណាននឹងប្រែក្លាយគោលបំណងនេះឱ្យទៅជាសកម្មភាពជាក់ស្ដែងជាពិសេស ការជំរុញវិស័យទេសចរណ៍ និងវិស័យផ្សេងៗទៀតដូចជា វិស័យវប្បធម៌ និងកីឡាជាដើម៕