មីស៊ីលផ្លោងរយៈចម្ងាយមធ្យម កូរ៉េខាងជើង អភិវឌ្ឍ និងសាកល្បងម៉ាស៊ីនឥន្ធនៈរឹងប្រភេទថ្មី

សេអ៊ូល៖ សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) បានបង្កើតម៉ាស៊ីនឥន្ធនៈរឹង ដែលមានកម្លាំងខ្ពស់ប្រភេទថ្មី សម្រាប់មីស៊ីលផ្លោងរយៈចម្ងាយមធ្យម នេះយោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍​ ។

របាយការណ៍ក៏បានឲ្យដឹងថា ឧស្សាហកម្មកាំជ្រួចរបស់ប្រទេសនេះ បានធ្វើការសាកល្បងដោយជោគជ័យ លើការ បាញ់បង្ហោះពីដីដំបូងរបស់ម៉ាស៊ីនដំណាក់កាលទីមួយ និងម៉ាស៊ីនដំណាក់កាលទីពីរ នៅថ្ងៃទី១១ និង ១៤ ខែវិច្ឆិកា រៀងៗខ្លួន ។

របាយការណ៍បានឲ្យដឹងបន្ថែមថា ការធ្វើតេស្តនាពេលថ្មីៗនេះ គឺសំដៅវាយតម្លៃលក្ខណៈបច្ចេកទេសនៃម៉ាស៊ីន ដែលទើបនឹងបង្កើតថ្មី សម្រាប់មីស៊ីលផ្លោងរយៈចម្ងាយមធ្យម ។

KCNA បានរាយការណ៍ថា ការធ្វើតេស្តនេះគឺជា “ដំណើរការសំខាន់មួយ សម្រាប់ការពង្រឹងបន្ថែមទៀត នូវសមត្ថភាពវាយលុកជាយុទ្ធសាស្ត្រ របស់កងកម្លាំងប្រដាប់អាវុធរបស់កូរ៉េខាងជើង នៅក្នុងពន្លឺនៃបរិយាកាសសន្តិសុខ និងអស្ថិរភាព ដែលកំពុងប្រឈមមុខនឹងប្រទេសនេះ និងស្ថានភាពយោធានាពេលអនាគតក្នុងតំបន់” ៕