ភ្នំពេញ៖ ករណីលួចដោយហិង្សាមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ) មួយកើតឡើង នៅចំណុចផ្លូវព្រះនរោត្តម  មុខអង្គភាពប្រឆាំងអំពើពុករលួយ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ កាលពីវេលាម៉ោងប្រមាណ ម៉ោង ០០:៣០នាទី  រំលងអាធ្រាតឈានចូលថ្ងៃទី១៤ ខែវិច្ឆិកា  ឆ្នាំ២០២៣ ។

ហេតុការណ៍នោះកើតឡើង ខណៈជនរងគ្រោះកំពុងធ្វើដំណើរតាមផ្លូវ ស្រាប់តែត្រូវជនសង្ស័យជិះមកសកម្មភាព ឆក់យកទូរស័ព្ទដៃមួយគ្រឿង តែដោយសារកម្លាំងមូលដ្ឋានអាវុធហត្ថ ខណ្ឌដូនពេញ កំពុងល្បាតក្បែរនោះដែរក៏ប្រដេញរហូតឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ចាន់ សុវណ្ណ ភេទ ប្រុស  អាយុ២៧ឆ្នាំភ្លាមៗតែម្តង ។

ជនសង្ស័យសារភាពឲ្យដឹងថា ខ្លួនគេពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះពិតប្រាកដមែន កន្លងមកអំឡុងឆ្នាំ២០២១ ខ្លួនក៏ធ្លាប់ជាប់ពន្ធនាគារព្រៃសរយៈពេល០២ឆ្នាំ ពីបទលួចម៉ូតូ ហើយទើបតែចេញកាលពីខែមិថុនា ឆ្នាំ២០២៣ នេះទេ។ ជាងនេះជនសង្ស័យរូបនេះ ក៏ជាមុខសញ្ញាប្រើប្រាស់សារធាតុញៀនផងដែរ ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕