ព្រះវិហារ៖ អគ្គនាយកអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ មេបញ្ជាការរងកងទ័ពជើងគោក ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអាវរងារ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់កងកម្លាំងបណ្ដាអង្គភាពចំណុះទិសទី១ ប្រាសាទព្រះវិហារ នៅព្រឹកថ្ងៃទី១៦ខែវិច្ឆិកា ឆ្នាំ២០២៣ ។
ពិធីនេះក៏មានការចូលរួមពីសំណាក់ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងឯកឧត្តម មេបញ្ជាការ មេបញ្ជាការរង តំណាងអង្គភាព ស្ថាប័ន និងកងកម្លាំងជាច្រើនរូបទៀត ដែលពិធីនេះធ្វើឡើងនៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានលើក ឡើងអំពីសភាពការណ៍ទូទៅ នៅតាមបណ្ដោយខ្សែបន្ទាត់ព្រំដែន កម្ពុជា- ថៃ-ឡាវ ដែលគណៈ បញ្ជាការឯកភាពទិសទី១ទទួលខុសត្រូវ រហូតមកដល់ពេលនេះ ហាក់មានសភាពស្ងប់ស្ងាត់ ធម្មតា បើទោះបីកន្លងមក ធ្លាប់មានសកម្មភាពមិនប្រក្រតីខ្លះៗ បានកើតឡើងយ៉ាងណាក្តី តែភាគី ទាំងសងខាង បានព្យាយាមរួមគ្នាដោះស្រាយដោយសន្តិវិធី និងបញ្ចៀសបានរាល់សកម្មភាព ទាំងឡាយណា ដែលនាំអោយឈានទៅរកការប្រឈមមុខគ្នាដោយប្រដាប់អាវុធ ។
ជាមួយនេះ បណ្តាអង្គភាពជួរមុខទាំងអស់ បាននឹងកំពុងអនុវត្តបានយ៉ាងមានប្រសិទ្ធភាពនូវយុទ្ធសាស្ត្រ សំខាន់ៗ ទាក់ទងនឹងបញ្ហាព្រំដែន បន្តអនុវត្តចក្ខុវិស័យប្រែក្លាយអតីតតំបន់ប្រយុទ្ធមកជាតំបន់ អភិវឌ្ឍន៍ពីសមរភូមិ ទៅជាទីផ្សារ ពីស្នូរគ្រាប់កាំភ្លើង ទៅជាកន្លែងសូត្រធម៌ ស្តាប់ភ្លេង ស្តាប់ចម្រៀងពីតំបន់គ្រោះថ្នាក់ ឱ្យទៅជាតំបន់ទេសចរណ៍ និងកសាងខ្សែបន្ទាត់ព្រំដែន ជាមួយ ប្រទេសជិតខាង ឱ្យទៅជាខ្សែព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងមានការអភិវឌ្ឍ លើគ្រប់វិស័យ។
នាឱកាសនោះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បាននាំយកនូវការសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចទាំងទ្វេ និងថ្លែងអំណរគុណ ព្រមទាំងកោត សរសើរ ដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ហើយបាន ខិតខំបំពេញភារកិច្ចរបស់ខ្លួនជូនជាតិមាតុភូមិ ដោយបង្ហាញនូវភាពម៉ឺងម៉ាត់ក្នុងការថែរក្សា សន្តិសុខ សន្តិភាព ស្ថិរភាព ការពារបូរណភាពទឹកដី និងបានបន្តចូលរួមយ៉ាងសកម្មក្នុងការជួយ សង្រ្គោះប្រជាពលរដ្ឋ នក្នុងស្ថានការណ៍គ្រោះមហន្តរាយនានា។
ឯកឧត្ដម បានលើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសេ្នហាជាតិ សាសនា ព្រះមហាក្សត្រ និង ការពារសុខសន្តិភាពឱ្យបានស្ថិតស្ថេរយូរអង្វែង ហើយបន្តវេនពីមួយជំនាន់ទៅមួយជំនាន់ ដើម្បី ថែរក្សានូវសមិទ្ធផលនានា ដែលបុព្វបុរសជំនាន់មុនៗបានបង្កើត និងបន្សល់ទុកអោយជំនាន់ក្រោយ។
ឯកឧត្តម បានលើកឡើងថា សុខសន្តិភាព ប្រៀបបានទៅនឹងខ្យល់ដង្ហើម ដែល មនុស្សទាមទារជាចាំបាច់ក្នុងការរស់រានមានជីវិត ព្រោះថាសង្គ្រាម ការបាក់បែក នឹងចូលខ្លួនមក ជំនួសបើអវត្តមានសន្តិភាព ដូច្នេះសូមកងកម្លាំងប្រដាប់អាវុធដែលជាកម្លាំងជួរមុខ បន្តការពារ និងថែរក្សានូវសុខសន្តិភាព ដែលយើងមានសព្វថ្ងៃអោយបានគង់វង្ស៕