មហាអំណាចអាមេរិក និងចិន ជួបពិភាក្សាទល់មុខគ្នា ស្របពេលមានជម្លោះលើបញ្ហាយោធា និងសេដ្ឋកិច្ច
អាមេរិក៖ លោក Joe Biden ប្រធានាធិបតីអាមេរិក បានជួបលោក Xi Jinping ប្រធានាធិបតីចិន ក្នុងជំនួបទល់មុខគ្នា ជាលើកដំបូង ក្នុងរយៈពេលមួយឆ្នាំកាលពីថ្ងៃពុធ សម្រាប់កិច្ចពិភាក្សាក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹងរវាងមហាអំណាចទាំងពីរលើជម្លោះយោធា ការជួញដូរគ្រឿងញៀន និងបញ្ញាសិប្បនិម្មិតឬ(AI) ហើយបាននិយាយថា ប្រទេសទាំងពីរបានធ្វើឱ្យមានការរីកចំរើនពិតប្រាកដ ។
លោក Biden បានស្វាគមន៍មេដឹកនាំចិន នៅឯអគារអចលនទ្រព្យ ហ្វីឡូលី(Filoli)ដែលជាផ្ទះ និងសួនច្បាររបស់រដ្ឋនៅតំបន់ជនបទ ស្ថិតនៅចម្ងាយប្រហែល ៤៨ គីឡូម៉ែត្រ ភាគខាងត្បូង នៃទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) ជាទីដែលមេដឹកនាំទាំងពីរនឹងផ្លាស់ប្ដូរទីតាំងនៅពេលក្រោយ សម្រាប់កិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកឬ (APEC) ។
លោក Biden បាននិយាយថា សហរដ្ឋអាមេរិក និងចិន ត្រូវតែធានាថា ការប្រកួតប្រជែងរវាងប្រទេសទាំងពីរ និងមិនក្លាយជាជម្លោះនោះទេ ជាមួយការគ្រប់គ្រងទំនាក់ទំនង របស់ប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ ប្រកបដោយការទទួលខុសត្រូវ ។ លោកបាននិយាយថា បញ្ហានានា ដូចជាបម្រែបម្រួលអាកាសធាតុ ការប្រឆាំងគ្រឿងញៀន និងបញ្ញាសិប្បនិម្មិត ទាមទារឱ្យមានការយកចិត្តទុកដាក់រួមគ្នាពីមេដឹកនាំទាំងពីរ ។
បន្ទាប់ពីកិច្ចពិភាក្សាមួយព្រឹក និងមុនពេលធ្វើដំណើរទៅទទួលទានអាហារថ្ងៃត្រង់ជាមួយលោក Xi លោក Biden បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា នេះជារឿងសំខាន់ដែលលោកទាំងពីរ យល់គ្នាទៅវិញទៅមក រវាងមេដឹកនាំ និងមេដឹកនាំ ។
លោកបានលើកឡើង ដោយពុំបានបញ្ជាក់លម្អិតថា មានបញ្ហាប្រឈមជាសាកលដ៏សំខាន់ដែលទាមទារភាពជាអ្នកដឹកនាំរួមគ្នារបស់យើង។ ហើយថ្ងៃនេះ យើងបានធ្វើឱ្យមានការវិវឌ្ឍន៍ពិតប្រាកដ ។
សេចក្តីថ្លែងការណ៍របស់សេតវិមានបាននិយាយថា មេដឹកនាំបានពិភាក្សាប្រកបដោយភាពស្មោះត្រង់ និងស្ថាបនាលើបញ្ហាទ្វេភាគី និងសកលលោក និងផ្លាស់ប្តូរទស្សនៈលើវិស័យនៃការខ្វែងគំនិតគ្នា ។
លោក Xi បានចង្អុលបង្ហាញថា ទំនាក់ទំនងចិន-អាមេរិក មិនដែលមានភាពរលូនទេ ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមកនេះ និងយូរជាងនេះ ហើយតែងតែប្រឈមបញ្ហាមួយប្រភេទ ឬមួយផ្សេងទៀត ។ ទោះបីជាយ៉ាងណាក៏ដោយ ទំនាក់ទំនងនេះ បានបន្តដំណើរទៅមុខ ស្របពេលមានការខ្វែងគំនិតគ្នា ៕