ហ្វាំងឡង់ គម្រាមបិទព្រំដែនជាមួយ រុស្សី ទាំងស្រុង

ហ្វាំងឡង់ ៖ ប្រទេសហ្វាំងឡង់អាច នឹងបិទច្រកព្រំដែនជាមួយរុស្ស៊ី ក្នុងពេលឆាប់ៗនេះ ដើម្បីការពារសន្តិសុខ នេះយោងតាមការចេញផ្សាយរបស់ RT ។

លោកស្រី Mari Rantanen  រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានធ្វើឡើងនូវសេចក្តីថ្លែងការណ៍ កាលពីថ្ងៃអង្គារបានឲ្យដឹងដោយលើកឡើង ពីការព្រួយបារម្ភអំពីជនអន្តោប្រវេសន៍ខុសច្បាប់ មកពីប្រទេសទីបី ។

រដ្ឋាភិបាលទីក្រុង Helsinki គួរឲ្យដឹងដែរថាថ្មីៗនេះ បានរឹតបន្តឹងវិធានការព្រំដែន ដោយហាមប្រជាជនឆ្លងកាត់ដោយមធ្យោបាយធ្វើដំណើរមួយចំនួនដូចជាកង់ពីប្រទេសរុស្ស៊ី។

លោកស្រី Rantanen ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ បានលើកឡើងថា ក្រសួងមហាផ្ទៃនឹងរៀបចំសំណើសម្រាប់រដ្ឋាភិបាល ដោយកត់សម្គាល់ថាការរឹតបន្តឹង អាចចូលជាធរមាន ប្រសិនបើចាំបាច់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងធ្ងន់ធ្ងរ ដល់សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខជាតិ ឬសុខភាពសាធារណៈ ។

លោកស្រីក៏បានចង្អុលបង្ហាញថា ការសម្រេចចិត្តចុងក្រោយណាមួយ ក៏អាស្រ័យលើប្រទេសរុស្ស៊ីផងដែរ ហើយបានអះអាងថាទីក្រុងម៉ូស្គូបានផ្លាស់ប្តូរ គោលនយោបាយព្រំដែនរបស់ខ្លួន ដើម្បីអនុញ្ញាតឱ្យជនចំណាកស្រុកខុសច្បាប់ហូរឆ្ពោះទៅប្រទេសហ្វាំងឡង់ផងដែរ ៕