សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ ការដាក់ចេញគោលការណ៍ ឱ្យជនបរទេស ជួលអចលនទ្រព្យរយៈពេលវែង មិនមែនជាការលក់ផ្ទះ លក់ដីឱ្យជនបរទេស
ភ្នំពេញ ៖ សម្ដេចធិបតី នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ការដាក់ចេញគោលការណ៍ ឲ្យជនបរទេស ជួលផ្ទះរយៈពេលយូរ មិនមែនជាការលក់ផ្ទះ ឬលក់ដី ឲ្យជនបរទេសនោះឡើយ ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍកោះនរា ទៅតំបន់អភិវឌ្ឍកោះពេជ្រ» នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា នាពេលកន្លងទៅ មានអ្នកលើកឡើងអំពីបញ្ហារាជរដ្ឋាភិបាលចង់កែច្បាប់ ដើម្បីផ្ដល់ដីលក់ឲ្យជនបរទេស ។ សម្ដេច ថា គោលគំនិតមានការស្នើសុំពិតមែនហើយ គោលគំនិតនេះមិនមែនដើម្បីក្បត់ជាតិឡើយ ។ រាជរដ្ឋាភិបាលមិនបានអនុវត្តឡើយ ។
សម្ដេចធិបតី បន្ដថា ការដាក់ចេញគោលនយោបាយជួលផ្ទះ ជួលដីឲ្យជនបរទេសរយៈពេលយូរ ចាប់ពី១៥ឆ្នាំ ទៅ៥០ឆ្នាំ គឺធ្វើឡើងដើម្បីប្រយោជន៍សេដ្ឋកិច្ច ។
សម្ដេច នាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «អីចឹងយើងផ្ដល់រយៈពេលវែងពី ១៥ ទៅ ៥០ឆ្នាំ ចឹងមិនមែនថា រដ្ឋាភិបាល ធ្វើយ៉ាងនេះ ដើម្បីលក់ដីឱ្យបរទេសនោះទេ គឺលក្ខណៈជួល រយៈពេលវែងនេះហើយ ។ ហើយសិទ្ធិ នៅតែជាកម្ពុជាដដែល» ។
លើសពីនេះ សម្តេចធិបតី បានឲ្យដឹងទៀតថា ការដាក់ចេញគោលនយោបាយឱ្យជនបរទេសជួលផ្ទះ ជួលដីរយៈពេលយូរ នៅតែបន្តអនុវត្តន៍តាមរដ្ឋធម្មនុញ្ញ ហើយមិនឱ្យជនបរទេសទាំងរូបវន្តបុគ្គល និងនីតិបុគ្គល អាចកាន់កាប់ដីធ្លីខ្មែរបាននោះឡើយ ៕