អាមេរិក ជាមួយប្រទេសចិន នឹងត្រឡប់ទៅរកទំនាក់ទំនងធម្មតាវិញ និងបន្តទំនាក់ទំនងយោធា

អាមេរិក លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីអាមេរិក បាននិយាយកាលពីថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ថា គោលដៅរបស់លោក ក្នុងអំឡុងកិច្ចពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ក្នុងសប្តាហ៍នេះ គឺដើម្បីបន្តទំនាក់ទំនងធម្មតា រវាងមហាអំណាចទាំងពីរ រួមទាំងទំនាក់ទំនងរវាងយោធា និងយោធា ។

មុនពេលចាកចេញទៅកាន់ទីក្រុង សាន់ហ្រ្វាន់ស៊ីស្កូ លោក បៃដិន បានថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅសេតវិមានថា លោកកំពុងព្យាយាមផ្លាស់ប្តូរទំនាក់ទំនងរបស់សហរដ្ឋអាមេរិក ជាមួយប្រទេសចិន ឱ្យកាន់តែប្រសើរឡើង បន្ទាប់ពីរយៈពេលនៃទំនាក់ទំនងដ៏តានតឹង ។

លោក បៃដិន និង លោក ស៊ី នឹងជួបគ្នានៅថ្ងៃពុធ ទី១៥ ខែវិច្ឆិកា នេះ នៅទីក្រុង សាន់ហ្រ្វាន់ស៊ីស្កូ ក្នុងអំឡុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC)។ នេះគឺជាជំនួបផ្ទាល់លើកទី២ រវាងមេដឹកនាំទាំងពីរ ចាប់តាំងពីលោក បៃដិន ចូលកាន់តំណែង កាលពីខែ មករា ឆ្នាំ ២០២១ មក ។

លោក ស៊ី ជីនពីង ប្រធានាធិបតីចិន ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីក្រុមមន្ត្រីសហរដ្ឋអាមេរិក នៅអាកាសយានដ្ឋាន បន្ទាប់ពីលោកបានទៅដល់ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ កាលពីរសៀលថ្ងៃអង្គារ (ម៉ោងក្នុងស្រុក) សម្រាប់កិច្ចសហប្រតិបត្តិការរវាងចិន និងសហរដ្ឋអាមេរិក ព្រមទាំងកិច្ចប្រជុំកំពូល និងកិច្ចប្រជុំបណ្ដាមេដឹកនាំសេដ្ឋកិច្ច APEC លើកទី៣០ តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ។

ទំនាក់ទំនងរវាងប្រទេសទាំងពីរ មានភាពត្រជាក់បន្ទាប់ពីលោក បៃដិន បានបញ្ជាឱ្យបាញ់ទម្លាក់បាឡុងចារកម្មចិន កាលពីខែកុម្ភៈ ដែលគេសង្ស័យថាបានហោះរំលងសហរដ្ឋអាមេរិក ។ ប៉ុន្តែចាប់តាំងពីពេលនោះមក ក្រុមមន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់ លោក បៃដិន បានទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ហើយបានជួបជាមួយសមភាគីចិន ដើម្បីបង្កើតទំនាក់ទំនង និងការជឿទុកចិត្តគ្នាឡើងវិញ ៕