សម្រាប់កិច្ចប្រជុំកំពូល លោក ស៊ី កំពុងស្ថិតនៅសហរដ្ឋអាមេរិក ជាមួយលោក បៃដិន និង កិច្ចប្រជុំ APEC
អាមេរិក៖ លោក ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីចិន បានចាប់ផ្តើមដំណើរទស្សនកិច្ចលើកដំបូង ទៅកាន់សហរដ្ឋអាមេរិក ក្នុងរយៈពេលប្រាំមួយឆ្នាំរបស់ខ្លួន កាលពីថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា បន្ទាប់ពីលោក ប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) បាននិយាយថា លោកមានគោលបំណងស្តារទំនាក់ទំនងធម្មតា ជាមួយទីក្រុងប៉េកាំង ហើយប្រមុខការទូតរបស់លោកបានសង្កត់ធ្ងន់ លើតម្រូវការសម្រាប់សេរីភាព ដែលក្រុងវ៉ាស៊ីនតោន និយាយថា ទីក្រុងប៉េកាំង កំពុងធ្វើឱ្យខូចទ្រង់ទ្រាយនៃសិទ្ធសេរីភាពនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។
លោក ស៊ី កំពុងបំពេញទស្សនកិច្ចលើកដំបូងទៅកាន់សហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ ២០១៧ មក ។ លោកគ្រោងនឹងជួបលោកប្រធានាធិបតី បៃដិន នៅឯទីតាំងដែលមិនបានបញ្ជាក់ នៅក្នុងតំបន់ឆកសមុទ្រនៃទីក្រុង សាន់ហ្រ្វាន់ស៊ីស្កូ នៅព្រឹកថ្ងៃពុធនេះ ហើយបន្ទាប់មកចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំនៃវេទិកាកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC)។
លោក ស៊ី ជាមួយលោក បៃដិន ក្នុងកិច្ចប្រជុំកំពូល នឹងក្លាយជាជំនួបទល់មុខគ្នាលើកដំបូងរវាងមេដឹកនាំអាមេរិក និងចិន ក្នុងរយៈពេលមួយឆ្នាំ ហើយត្រូវបានក្រុមមន្ត្រីសហរដ្ឋអាមេរិក ចាត់ទុកថាជាឱកាសមួយដើម្បីកាត់បន្ថយភាពតានតឹងនៅក្នុងអ្វី ដែលមនុស្សជាច្រើនមើលឃើញថា ជាគូប្រជែងដ៏គ្រោះថ្នាក់បំផុតរបស់ពិភពលោក ។
នៅពេលដែលលោក បៃដិន ទៅដល់ទីក្រុង សាន់ហ្រ្វាន់ស៊ីស្កូ មិនយូរប៉ុន្មានមុនពេលយន្តហោះរបស់លោក ស៊ី ចុះចត ក្រុមបាតុករជាច្រើន បានស្វាគមន៍ក្បួនរថយន្តរបស់ប្រធានាធិបតីអាមេរិកពីព្រលានយន្តហោះ ។ អ្នកខ្លះគ្រវីទង់ជាតិចិន និងកាន់បដាអំពាវនាវឲ្យមានចំណងមិត្តភាព «យ៉ាងកក់ក្តៅ» រវាងសហរដ្ឋអាមេរិក និងចិន ខណៈអ្នកខ្លះទៀតកាន់ស្លាកសញ្ញាសរសេរថា ថ្កោលទោសបក្សកុម្មុយនិស្តចិន ៕