ករណីបាញ់បោះសេរីជាង ២០០គ្រាប់លើភ្នំគិរីរម្យ មនុស្សមួយចំនួនចូលខ្លួនសារភាពហើយ
គិរីរម្យ៖ មនុស្សមួយចំនួនបានចូលខ្លួនសារភាព និងកំពុងត្រូវបាននគរបាលសាកសួរ លើករណីបាញ់បោះសេរីជាង ២០០គ្រាប់លើភ្នំគិរីរម្យ ។
ប្រភពព័ត៌មានបានឲ្យដឹងថា ករណីបាញ់បោះសេរីជាង ២០០គ្រាប់លើភ្នំគិរីរម្យ មានមនុស្សចំនួន ៤នាក់ បានចូលខ្លួនសារភាពនៅការិយាល័យសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកាម្សិលមិញ ហើយមកដល់ពេលនេះនគរបាលបាននឹងកំពុងបន្តការសាកសួរ ។
ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្ដមសេនីយ៍ទោ សម សាមួន បានលើកឡើង នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឲ្យដឹងថា ករណីនេះនគរបាលកំពុងបន្តនីតិវិធី មិនទាន់បានបញ្ជូនខ្លួននរណាម្នាក់ទៅតុលាការនោះទេ។ ទោះជាយ៉ាងណា លោកមិនបានបញ្ជាក់អំពីអត្តសញ្ញាណមនុស្សទាំង ៤នាក់នោះទេ ។ ប្រភពព័ត៌មានបានបន្ថែមឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកាម្សិលមិញ តុលាការបានចេញដីកាបញ្ជាឲ្យនាំខ្លួនជនបង្កក្នុងករណីបាញ់បោះសេរីនេះផងដែរ។
សូមរំលឹកថា កាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ អាជ្ញាធរខេត្តកំពង់ស្ពឺ បានបង្កើតគណៈកម្មការចំរុះមួយ ដោយមានការដឹកនាំ និងសម្របសម្រួលដោយតំណាងអយ្យការផង បានចុះទៅស្រាវជ្រាវនៅចំណុចផ្ទះលំហែស្ថិតនៅភូមិថ្មី តំបន់ចំការតែ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយបានទទួលព័ត៌មានថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង១៦និង០០នាទី រហូតដល់យប់ជ្រៅ នៅទីតាំងកើតហេតុមានកម្មពីធីខួបកំណើតឈ្មោះ ឆាយ ភេទប្រុស រស់នៅរាជធានីភ្នំពេញ និងមានការបាញ់បោះសេរីជាបន្តបន្ទាប់ ដោយបានរកឃើញសំបកគ្រាប់កាំភ្លើងខ្លីចំរុះចំនួន ១១២គ្រាប់ សំបកគ្រាប់កាំភ្លើងM16 ចំនួន ៣៦គ្រាប់ និងសំបកគ្រាប់កាំភ្លើង AKចំនួន ៥៥គ្រាប់៕