ការដោះលែង ចំណាប់ខ្មាំង៥០នាក់ ក្រុមហាម៉ាស ត្រៀមខ្លួនរួចជាស្រេច នៅក្នុងតំបន់ហ្គាហ្សា សម្រាប់បទឈប់បាញ់ រយៈពេល ៥ថ្ងៃ​

ហ្គាហ្សា៖ ជាស្លាបយោធានៃក្រុមហាម៉ាស កងពលតូច Al-Qassam បានឲ្យដឹងថា ខ្លួនបានជូនដំណឹងដល់អ្នកសម្រុះសម្រួលអំពីការត្រៀមខ្លួនរបស់ខ្លួន ក្នុងការដោះលែងចំណាប់ថ្នូរស្ត្រី និងកុមារចំនួន ៥០ នាក់ ដែលត្រូវបានឃុំខ្លួននៅហ្គាហ្សា ជាថ្នូរនឹងបទឈប់បាញ់រយៈពេល ៥ថ្ងៃ ។

លោក Abu Ubaida អ្នកនាំពាក្យរបស់ Al-Qassam Brigades បានឲ្យដឹង នៅក្នុងសារមួយនៅលើបណ្តាញ Telegram របស់ខ្លួនថា “អ្នកសម្រុះសម្រួលកាតាបានខិតខំប្រឹងប្រែង ដើម្បីដោះលែងអ្នកជាប់ឃុំអ៊ីស្រាអែល ជាថ្នូរនឹងការដោះលែងកុមារប៉ាឡេស្ទីន ២០០នាក់ និងស្ត្រី ៧៥ នាក់” ។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ លោក​បាន​សង្កត់​ធ្ងន់​ថា បទ​ឈប់​បាញ់​ត្រូវ​ធានា​ឱ្យ​មាន​ការ​បញ្ឈប់​អរិភាព និង​អនុញ្ញាត​ឱ្យ​មាន​ជំនួយ​ចូល​មក​ដល់​ប្រជាជន​ក្នុង​តំបន់​ជុំវិញ ។

លោកបានសង្កត់ធ្ងន់ថា ការបន្តការឈ្លានពានលើដី កងទ័ពជើងទឹក និងការឈ្លានពានតាមអាកាសរបស់អ៊ីស្រាអែល គំរាមកំហែងដល់អាយុជីវិតអ្នកជាប់ឃុំ ដែលកាន់កាប់ដោយពួកគេ និងដោយក្រុមបក្សពួកប៉ាឡេស្ទីន ប្រដាប់អាវុធផ្សេងទៀតនៅក្នុងតំបន់ហ្គាហ្សា។

ប្រតិបត្តិការយោធាអ៊ីស្រាអែល បានធ្វើឡើងជាការសងសឹក ចំពោះការវាយប្រហារដឹកនាំ ដោយក្រុមហាម៉ាសកាលពីថ្ងៃទី០៧ ខែតុលា ដែលក្នុងនោះមនុស្សប្រហែល ១២០០ នាក់ត្រូវបានសម្លាប់ នៅក្នុងប្រទេសអ៊ីស្រាអែល និងចំណាប់ខ្មាំងប្រហែល ២៤០នាក់ត្រូវបានចាប់ខ្លួន នេះបើយោងតាមតួលេខរបស់អ៊ីស្រាអែល ៕