ឥណ្ឌា ប្រើកាំភ្លើងប្រឆាំងផ្សែងអ័ព្ទ តទល់ជាមួយនឹងបរិយាកាសកខ្វក់
ឥណ្ឌា៖ ក្នុងទីក្រុងនានារបស់ប្រទេសឥណ្ឌា ផ្សែងអ័ព្ទពុលបានបន្តអណ្ដែតត្រសែតត្រាំត្រែង កាលពីថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា កន្លងទៅនេះ រហូតអ្នកដើរនាពេលព្រឹកក្នុងរដ្ឋធានីញូវដេលីបានត្អូញត្អែរពីអាការថប់ដង្ហើម ខណៈដែលទិដ្ឋភាពស្រដៀងគ្នានេះ ត្រូវបានឃើញនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុ គឺទីក្រុងបុមបៃ ។
អាជ្ញាធរនៅទីក្រុងញូវដេលី បានដាក់ពង្រាយកាំភ្លើងប្រឆាំងផ្សែងអ័ព្ទចំនួន ៧០ដើម និងបានបាញ់ទឹកពាសពេញទីក្រុង ក្នុងកិច្ចប្រឹងប្រែង ដើម្បីដោះស្រាយកាត់បន្ថយធូលីដីខ្លះៗ ។
ទីក្រុងញូវដេលី ត្រូវបានចាត់ថ្នាក់ដោយក្រុមហ៊ុនវាយតម្លៃគុណភាពខ្យល់ IQAir របស់ប្រទេសស្វីសថា ជាទីក្រុងដែលមានការបង្កកខ្វក់ខ្លាំងបំផុតរបស់ពិភពលោកគិតត្រឹម ម៉ោង ៨:៣០ ម៉ោងសកល ។ រដ្ឋធានីឥណ្ឌាមួយនេះ មានសន្ទស្សន៍គុណភាពខ្យល់ (AQI) ចំនួន ២៦៥ ដោយត្រូវបានដាក់នៅក្នុងប្រភេទខ្យល់ ដែល «មិនល្អខ្លាំង»។
នៅភាគខាងជើងប្រទេសឥណ្ឌា គុណភាពខ្យល់ មានសភាពកាន់តែយ៉ាប់យ៉ឺនទៅៗជារៀងរាល់ឆ្នាំ មុនរដូវរងា នៅពេលដែលខ្យល់ត្រជាក់ ចាប់ផ្ដើមមានការបង្កកខ្វក់ពីយានយន្ត ឧស្សាហកម្ម ធូលីសំណង់ និងការដុតកាកសំណល់កសិកម្ម ៕