ជុំវិញបញ្ហាតំបន់ហ្កាហ្សា ប្រជាជនអង់គ្លេស-ប៉ាឡេស្ទីន ស្នើឲ្យនាយករដ្ឋមន្ត្រី ជួបប្រជុំបន្ទាន់
អង់គ្លេស៖ ក្រុមអង់គ្លេស-ប៉ាឡេស្ទីន បានសរសេរលិខិតជូនទៅ លោកនាយករដ្ឋមន្ត្រី រីស៊ី ស៊ូណាក់ ( Rishi Sunak) ដោយស្នើឲ្យមាន «កិច្ចប្រជុំបន្ទាន់» អំពីតំបន់ហ្កាហ្សា ។
លិខិតនោះ ក៏ជំរុញឲ្យរដ្ឋាភិបាលអង់គ្លេស «ប្រើឥទ្ធិពលរបស់ខ្លួន» ដើម្បីអំពាវនាវឲ្យមានបទឈប់បាញ់។ លិខិតត្រូវបានបញ្ជូនកាលពីព្រឹកថ្ងៃចន្ទ ដោយមជ្ឈមណ្ឌលយុត្តិធម៌អន្តរជាតិសម្រាប់ប៉ាឡេស្ទីន (ICJP)ដែលមានមូលដ្ឋាន នៅចក្រភពអង់គ្លេស ។
ICJP បាននិយាយថា ខ្លួនកំពុងនិយាយ «ក្នុងនាមសមាជិកនៃសហគមន៍ប៉ាឡេស្ទីន នៅចក្រភពអង់គ្លេសជាមួយក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ដែលរស់នៅ ក្នុងតំបន់ហ្គាហ្សា»។
ក្រុមនេះ បាននិយាយថា ខ្លួនចង់ឲ្យមានការប្រជុំមួយ «ដើម្បីបង្ហាញពីកង្វល់របស់យើង ស្រដៀងទៅនឹងកិច្ចប្រជុំដែលអ្នកធ្លាប់មានជាមួយសហគមន៍អង់គ្លេសផ្សេងទៀត ដែលមានគ្រួសារ នៅក្នុងតំបន់ ដែលបានជួបប្រទះទុក្ខព្រួយស្រដៀងនឹងយើងដែរនោះ» ។
ក្រុមនេះ បាននិយាយទៀតថា ការអំពាវនាវឲ្យផ្អាកការវាយប្រហារជាលក្ខណៈមនុស្សធម៌គឺ «មិនគ្រប់គ្រាន់» ហើយការខកខានរបស់រដ្ឋាភិបាលក្នុងការអំពាវនាវឲ្យមានបទឈប់បាញ់ «កំពុងធ្វើឲ្យមនុស្សជាទីស្រឡាញ់របស់យើង ស្ថិតក្នុងគ្រោះថ្នាក់ និងកំពុងរួមចំណែកដល់វិបត្តិមនុស្សធម៌ ដែលមិនធ្លាប់មានពីមុនមកនោះ»។