អ្នកកាសែតនៅលីបង់ភាគខាងត្បូង៖ ជាគោលដៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល
លីបង់ ៖ អ្នកសារព័ត៌មាន នៅប្រទេសលីបង់ភាគខាងត្បូង បានលើកឡើងថា ពួកគេត្រូវបានកំណត់ជាគោលដៅ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល កាលពីថ្ងៃចន្ទ ដែលបណ្តាញសារព័ត៌មាន Al Jazeera បាននិយាយថា បានធ្វើឲ្យអ្នកថតរូបរបស់ខ្លួន រងរបួសស្រាល ។
អភិបាលក្រុងក្នុងតំបន់ និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋលីបង់ បានអះអាងពីដំណើររឿងនៃឧប្បត្តិហេតុឆ្លងព្រំដែនរបស់អ្នកកាសែត ដែលបានកើតឡើងយ៉ាងពិតប្រាកដមួយខែ បន្ទាប់ពីការវាយប្រហារដ៏សាហាវ ដែលបានស្តីបន្ទោសទៅលើអ៊ីស្រាអែលថា បានវាយប្រហារក្រុមអ្នកសារព័ត៌មាន នៅជិតភូមិ Alma al-Shaab នៅ ប្រទេសលីបង់ភាគខាងត្បូង ។
ដោយទាក់ទងជាមួយសារព័ត៌មាន AFP កងទ័ពអ៊ីស្រាអែល មិនបានធ្វើអត្ថាធិប្បាយភ្លាមៗអំពីការវាយប្រហារចុងក្រោយនេះទេ ។
អ្នកកាសែត១២នាក់មកពីប្រព័ន្ធផ្សព្វផ្សាយនានា បានធ្វើដំណើរទៅពិនិត្យការខូចខាតពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ហើយបាននិងកំពុងផ្តល់ការរាយការណ៍ពីទីក្រុងព្រំដែន Yarun នៅពេលដែលការវាយប្រហារ ត្រូវបានធ្វើឡើង ។
សារព័ត៌មាន Al Jazeera បាននិយាយថា អ្នកថតរូបរបស់ខ្លួនឈ្មោះ Issam Mawasi បានរងរបួសស្រាល ដោយសារការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ៕