ម៉ាស៊ីនទំនើបថ្មីចុងក្រោយសម្រាប់បូមភ្នែកឡើងបាយ ពេទ្យភ្នែកគៀនឃ្លាំងបំពាក់ ប្រសិទ្ធិភាពឆាប់រហ័ស និងគ្មានការឈឺចាប់

ភ្នំពេញ ៖  ការបំពាក់ម៉ាស៊ីនកុំព្យទ័រ ថ្មីទំនើបចុងក្រោយ សម្រាប់បូមភ្នែកឡើងបាយបានយ៉ាងឆាប់រហ័ស និងគ្មានការឈឺចាប់ នៅពេទ្យភ្នែកគៀនឃ្លាំង ឬមន្ទីរពេទ្យកម្ពុជា ខណៈពេទ្យមួយនេះធ្វើការពិនិត្យ និងបកភ្នែកបាយជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ និងព្យាបាលជារៀងរាល់ថ្ងៃផងដែរ ។

វេជ្ជបណ្ឌិតឯកទេសជាន់ខ្ពស់ និងប្រធានពេទ្យភ្នែកកម្ពុជា ចក្ខុបណ្ឌិត ប៉ាង សាម៉ន បានថ្លែងឲ្យដឹងថា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ពេទ្យភ្នែកគៀនឃ្លាំង បាននាំមកឧបករណ៍កុំព្យូទ័រថ្មី ដែលជាផលិតផលរបស់ជប៉ុនចុង ក្រោយ ហើយឧបករណ៍ដ៏ទំនើបមួយនេះ អាចបូមភ្នែកបាយ ឬព្យាបាលភ្នែកបាយដោយមិនចាំបាច់វះកាត់ឬដេរនោះទេ ពោលគឺប្រើប្រាប់តាមបច្ចេកវិទ្យាកុំព្យូទ័រសុទ្ធសាធតែម្តង ។

បើតាមលោកវេជ្ជបណ្ឌិត បានឲ្យដឹងផងដែរថា កាលពីមុនពេទ្យភ្នែកគៀនឃ្លាំង ឬពេទ្យភ្នែកកម្ពុជា បានធ្វើការព្យាបាលភ្នែកបាយដោយដៃ ហើយធ្វើការព្យាបាលរយៈពេលយូរ និងធ្វើឲ្យភ្នែកអ្នកជំងឺមានការឈឺចាប់ និងហើមយូរផងដែរ ប៉ុន្តែសម្រាប់ម៉ាស៊ីន ដែលទើបយកមកដល់នាពេលនេះ គឺព្យាបាលបានឆាប់ និងមិនបង្ករឲ្យមានការឈឺចាប់យូរដូចមុននោះទេ ពោលគឺការព្យាបាលប្រកបដោយសុវត្ថិភាព ។

គួរបញ្ជាក់ថា ពេទ្យភ្នែកគៀនឃ្លាំងធ្វើការពិនិត្យ ឬប្រឹក្សាដល់អ្នកជំងឺដែលមានបញ្ហាភ្នែក ពុំយកសេវានោះទេ ហើយប្រសិនបង ប្អូនប្រជាពលរដ្ឋមានការខ្វះខាតគឺពេទ្យនេះមានផ្តល់ទាំងការស្នាក់នៅ ហូបចុក ទាំងការព្យាបាល និងបំពាក់កែវជាដើម ដោយមិនគិតកម្រៃអ្វីទាំងអស់ ៕