វ៉ាក់សាំងបង្កាជំងឺគ្រុនឈីកដំបូងគេលើពិភពលោក អាមេរិកអនុម័តឱ្យប្រើប្រាស់
ការអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងដំបូងគេលើពិភពលោក ដែលទប់ស្កាត់ការឆ្លងជំងឺគ្រុនឈីកពីមូស ដែលមានផ្ទុកវីរុស Chikungunya ពីរដ្ឋបាលចំណីអាហារ និងឪសថអាម៉េរិក (FDA) កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
នៅក្នុងរបាយការណ៍មួយ FDA ឱ្យដឹងថា វ៉ាក់សាំងទប់ស្កាត់ជំងឺដែលកើតឡើងដោយសារវីរុស Chikungunya ត្រូវបានអនុម័តឱ្យប្រើប្រាស់សម្រាប់មនុស្សដែលមានអាយុចាប់ពី 18 ឆ្នាំឡើងទៅ ដែលប្រឈមនឹងហានិភ័យឆ្លងខ្ពស់ជាងគេ តាមការផ្សាយពីសារព័ត៌មាន AFP ។ វ៉ាក់សាំងនេះត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Valneva របស់អឺរ៉ុប ហើយថា នឹងត្រូវបានដាក់លក់ក្នុងទីផ្សារក្រោមឈ្មោះថា Ixchiq ។
ការអនុម័តរបស់ FDA នេះ ត្រូវបានរំពឹងថា នឹងបង្កើនល្បឿននៃការដាក់ពង្រាយវ៉ាក់សាំង Ixchiq នៅតាមបណ្ដាប្រទេសដែលសម្បូរវីរុស Chikungunya ជាងគេ មានជាអាទិ៍ ទ្វីបអាហ្វ្រិក តំបន់អាស៊ីអាគ្នេយ៍ និងតំបន់មួយចំនួននៅទ្វីបអាមេរិកជាដើម ។
ជំងឺគ្រុនឈីកបង្កឡើងដោយវីរុស Chikungunya ឬហៅថា វីរុសឈីក និងបណ្ដាលមកពីមូសខ្លាញី Aedes aegypti (the yellow fever mosquito) ខាំ ជាពិសេសនៅពេលថ្ងៃ ហើយអាចកើតមានចំពោះមនុស្សគ្រប់វ័យ និងឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ផ្សេងទៀត ។
ជំងឺគ្រុនឈីកមានរោគសញ្ញាសំខាន់ៗចំនួនបី រួមមាន គ្រុនក្តៅពី 3 ទៅ 4 ថ្ងៃ ឈឺសន្លាក់ឆ្អឹង និងមានស្នាមកន្ទួល ឬក្រហមលើស្បែកដូចកើតស្អូច ឬកញ្ជ្រឹល។ ជំងឺគ្រុនឈីកមិនបណ្តាលឱ្យអ្នកជំងឺស្លាប់ លើកលែងតែវាកើតរួមគ្នាជាមួយជំងឺផ្សេងៗ ដូចជាជំងឺគ្រុនឈាម គ្រុនចាញ់ ឬជំងឺរលាកស្រោមខួរជាដើម បើតាមមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត នៃក្រសួងសុខាភិបាលកម្ពុជា បានឱ្យដឹង ។
រាប់ចាប់តាំងពីត្រូវបានរកឃើញលើកដំបូងនៅប្រទេសតង់ហ្សានីកាលពីឆ្នាំ 1952 វីរុសឈីកនេះបានឆ្លងរាលដាលដល់ប្រទេស និងដែនដីជាង 110 រួចហើយ នេះយោងតាមអង្គការសុខភាពពិភពលោក (WHO) ។
ចំនែក AFP ឱ្យដឹងថា អ្នកជំនាញផ្នែកសុខាភិបាលសាធារណៈបានសម្ដែងការព្រួយបារម្ភថា វីរុស Chikungunya អាចបង្កឱ្យមានវិបត្តិសុខភាពសកល នៅក្នុងពេលអនាគត នៅពេលការប្រែប្រួលអាកាសធាតុជំរុញឱ្យមូសចម្លងវីរុសនេះទៅកាន់តំបន់ថ្មីៗ នៅទូទាំងពិភពលោក ៕