ប្រមុខដឹកនាំប៉ាឡេស្ទីន ច្រានចោលការប៉ុនប៉ង ពីអ៊ីស្រាអែល ដើម្បីបំបែកតំបន់ហ្គាហ្សា ពីតំបន់វេសបែង
រ៉ាម៉ាឡា ៖ ការប៉ុនប៉ងរបស់អ៊ីស្រាអែល ដើម្បី “បំបែកតំបន់ហ្គាហ្សា ចេញពីតំបន់វេសបែង” ដោយថាពួកគេ “នឹងមិនទទួលបានសន្តិសុខ និងស្ថិរភាព សម្រាប់នរណាម្នាក់ឡើយ” ត្រូវបានប្រធានាធិបតីប៉ាឡេស្ទីន ច្រានចោល ។
អ្នកនាំពាក្យរបស់ប្រធានាធិបតី ប៉ាឡេស្ទីន លោក Nabil Abu Rudeineh បានសង្កត់ធ្ងន់ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា តំបន់ហ្គាហ្សា គឺជាផ្នែកសំខាន់មួយនៃទឹកដីប៉ាឡេស្ទីន ក្រោមយុត្តាធិការ របស់អង្គការរំដោះ ប៉ាឡេស្ទីន (PLO) ។
លោក Abu Rudeineh បានលើកឡើងថា ការប៉ុនប៉ងរបស់អ៊ីស្រាអែល ដើម្បីបំបែកតំបន់ហ្គាហ្សា ចេញពីតំបន់វេសបែង នឹងបរាជ័យ ហើយនឹងមិនត្រូវបានអនុញ្ញាតឡើយ ដោយមិនគិតពីសម្ពាធ ឬការគំរាមកំហែងណាមួយឡើយ ។
លោកបានជំរុញឱ្យអ៊ីស្រាអែល បញ្ឈប់ការឈ្លានពានប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា និងតំបន់វេសបែង ដោយអំពាវនាវឱ្យសហរដ្ឋអាមេរិក ចាត់វិធានការជាបន្ទាន់ ដើម្បីបញ្ឈប់ជម្លោះនៅក្នុងរង្វង់នេះ ។
អ្នកនាំពាក្យរូបនេះក៏បានសង្កត់ធ្ងន់ថា សន្តិសុខ និងស្ថិរភាពក្នុងតំបន់ និងពិភពលោក “នឹងអាចសម្រេចបានដោយការបញ្ចប់ការកាន់កាប់របស់អ៊ីស្រាអែល និងការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយនៅតាមព្រំដែនឆ្នាំ១៩៦៧” ។
ជាងនេះទៅទៀត លោកបានរំលឹកឡើងវិញថា កិច្ចខិតខំប្រឹងប្រែងអន្តរជាតិណាមួយនឹងគ្មានប្រយោជន៍ ដរាបណាការកាន់កាប់តំបន់វេសបែង ហ្គាហ្សា និងយេរ៉ូសាឡឹមខាងកើត នៅតែបន្ត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
លោក Hussein Al-Sheikh អគ្គលេខាធិការនៃគណៈកម្មាធិការប្រតិបត្តិ PLO នៅព្រឹកថ្ងៃដដែល បានថ្កោលទោសការប្រកាសរបស់នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ លើការរក្សាការគ្រប់គ្រងសន្តិសុខនៅតំបន់ហ្គាហ្សា នៅពេលដែលជម្លោះ ដែលកំពុងបន្តត្រូវបានបញ្ចប់ ។
លោក ណេតាន់យ៉ាហ៊ូ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍កាលពីថ្ងៃសៅរ៍ បានប្រកាសថា អ៊ីស្រាអែល នឹងធ្វើការដើម្បីបង្កើតការគ្រប់គ្រងសន្តិសុខពេញលេញលើតំបន់ ហ្គាហ្សា បន្ទាប់ពីជម្លោះក្នុងគោលបំណង “លុបបំបាត់ការគំរាមកំហែងផ្នែកសន្តិសុខ” ខណៈពេលដែលបដិសេធមិនអនុញ្ញាតឱ្យអាជ្ញាធរប៉ាឡេស្ទីន ត្រឡប់ទៅតំបន់ហ្គាហ្សា វិញ ៕