ថៃធ្វើបាន ! ថៃ អនុញ្ញាតឱ្យប៉ូលីសចិន ចូលរួមល្បាត នៅក្នុងទីក្រុង ទេសចរណ៍មួយចំនួនក្នុងប្រទេសថៃ  

ថៃអាជ្ញាធរថៃបានសម្រេច ឱ្យមន្ត្រីប៉ូលិសចិន ចូលរួមក្នុងការល្បាតនៅ តាមទីក្រុង ទេសចរណ៍មួយ ចំនួនក្នុងព្រះរាជាណាចក្រថៃ ក្នុងគោលបំណង ជំរុញទំនុកចិត្តភ្ញៀវទេសចរចិន ។

 នាយកអាជ្ញាធរទេសចរណ៍ថៃ (TAT) លោក Thapanee Kiatphaibool បានប្រកាសពីចំណាត់ការនេះ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រី លោក សេដ្ឋា ថាវីស៊ីន នៅអាកាសយានដ្ឋានសុវណ្ណភូមិ។

ការផ្តោតសំខាន់នៃកិច្ចប្រជុំ គឺការដោះស្រាយបញ្ហាសន្តិសុខ និងការធានាគុណភាព នៃសេវាកម្មដែលផ្តល់ដល់ភ្ញៀវទេសចរ ក្នុងអំឡុងពេលស្នាក់នៅក្នុងប្រទេសថៃ នេះបើយោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹង ។

លោក Thapanee បាននិយាយថា ដើម្បីសម្រេចបាននូវគោលបំណងទាំងនេះ TAT និងក្រសួងទេសចរណ៍ និងកីឡាចាំបាច់ត្រូវសហការជាមួយប្រធានការិយាល័យស៊ើបអង្កេតកណ្តាល និងប៉ូលីសទេសចរណ៍ ។

នៅថ្ងៃទី ១៥ ខែវិច្ឆិកា ការពិភាក្សាស្តីពីការ ដាក់ពង្រាយប៉ូលីសចិន សម្រាប់ការល្បាតនៅក្នុងទីក្រុង ទេសចរណ៍សំខាន់ៗ របស់ប្រទេសថៃ នឹងត្រូវធ្វើឡើងជាមួយស្ថានទូតចិន ។ គោលការណ៍នេះ មានគោលបំណងធ្វើ ត្រាប់តាមគំរូជោគជ័យ ដែលធ្វើការនៅក្នុងប្រទេសអ៊ីតាលី ទោះបីជាទីក្រុងដែលគំរូនេះ នឹងត្រូវបានប្រើមិនទាន់ ត្រូវបានបង្ហាញក៏ដោយ ។

គេរំពឹងថាគំនិតផ្តួចផ្តើមនេះ នឹងរួមចំណែកដល់គោលដៅ នៃការទទួលភ្ញៀវទេសចរណ៍ចិនរហូតដល់ ៤,៤ លាននាក់ ក្នុងរយៈពេលពីរខែចុងក្រោយនៃឆ្នាំនេះ ។

លោក Thapanee បាននិយាយថា “ចាំបាច់ត្រូវមានប៉ូលីសចិន នៅក្នុងប្រទេសថៃ ព្រោះវានឹងជួយ យើងបង្ហាញភ្ញៀវ ទេសចរចិនថា ប្រទេសថៃ កំពុងពង្រឹងវិធានការសន្តិសុខរបស់ខ្លួន ។ ម្យ៉ាងទៀត ទំនុកចិត្តរបស់អ្នកធ្វើដំណើរ នឹងត្រូវបានជំរុញ ប្រសិនបើមន្ត្រីប៉ូលីសរបស់ពួកគេអាចបញ្ជាក់ថា ប្រទេសថៃមានសុវត្ថិភាព” ៕