សង្គ្រាមអ៊ីស្រាអែលលើហ្កាហ្សានៅបន្ត មិនឈឺក្បាលលើ ការតវ៉ាជាច្រើន រាលដាលនៅជុំវិញពិភពលោក
ប៉ាឡេស្ទីន ៖ ការតវ៉ា និងបាតុកម្មសាធារណៈជាច្រើន ទាំងការគាំទ្រប៉ាឡេស្ទីន និងគាំទ្រអ៊ីស្រាអែល បានរាលដាលនៅទូទាំងពិភពលោក ជុំវិញបញ្ហាសង្គ្រាម នៅក្នុងតំបន់ហ្កាហ្សា ដោយការប្រយុទ្ធគ្នាពុំបានថយចុះនោះទេក្នុងសប្តាហ៍ទី៦ ចាប់តាំងពីការវាយប្រហារដោយក្រុមហាម៉ាស់ដ៏ឃោឃៅ លើប្រទេសអ៊ីស្រាអែល នេះបើតាមទិន្នន័យមកពីអង្គការគម្រោងទិន្ន័យ និងទីតាំងជម្លោះប្រដាប់អាវុធ បានបង្ហាញ ។
ក្រុមបាតុករគាំទ្រប៉ាឡេស្ទីន បានធ្វើបាតុកម្ម នៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ ទីក្រុងប៉ារីស ប្រទេសបារាំង ទីក្រុងអង់ការ៉ា និងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី ទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ក្នុងប៉ុន្មានសប្តាហ៍កន្លងទៅនេះ ដោយអំពាវនាវឲ្យមានបទឈប់បាញ់ បន្ទាប់ពីការទម្លាក់គ្រាប់បែកដ៏ខ្លាំងរបស់អ៊ីស្រាអែល និងការវាយលុកតាមដីគោក ដែលអាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា និយាយថាបានសម្លាប់មនុស្សជាង១១.០០០នាក់ ដែលប្រមាណ៤០ភាគរយក្នុងចំណោមពួកគេ គឺជាកុមារ ។
ក្រុមបាតុករគាំទ្រអ៊ីស្រាអែល បានអំពាវនាវឲ្យមានការដោះលែងចំណាប់ថ្នូរ ដែលត្រូវបានចាប់ដោយក្រុមហាម៉ាស់ អំឡុងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា នៅទូទាំងប្រទេសអ៊ីស្រាអែលភាគខាងត្បូង បណ្តាលឲ្យមនុស្សប្រមាណ១.២០០នាក់ស្លាប់ នៅក្នុងថ្ងៃដ៏ឃោឃៅបំផុត នៅក្នុងប្រវត្តិសាស្ត្ររយៈពេល៧៥ឆ្នាំមកនេះ របស់អ៊ីស្រាអែល ។ ទិន្ន័យរបស់អង្គការគម្រោងទិន្ន័យ និងទីតាំងជម្លោះប្រដាប់អាវុធ (ACLED) ដែលតាមដានការធ្វើបាតុកម្មនៅចន្លោះថ្ងៃទី៧ និងថ្ងៃទី២៧ ខែតុលា បានកត់ត្រាថា បាតុកម្មភាគច្រើនគឺដោយសន្តិវិធី ប៉ុន្តែប្រមាណ៥ភាគរយ បានប្រែទៅជាអំពើហិង្សា ឬត្រូវបានបំបែកដោយនគរបាល ឬទីភ្នាក់ងារសន្តិសុខផ្សេងទៀត ។
ការធ្វើបាតុកម្មភាគច្រើន ប្រមាណ៨៦ភាគរយ ដែលត្រូវបានកត់ត្រាដោយអង្គការគម្រោងទិន្ន័យ និងទីតាំងជម្លោះប្រដាប់អាវុធ(ACLED) គឺជាបាតុកម្មគាំទ្រប៉ាឡេស្ទីន ខណៈភាគតិចអព្យាក្រិត ដោយអំពាវឲ្យមានសន្តិភាព និងបទឈប់បាញ់ដោយគ្មានជំហរគាំទ្រប៉ាឡេស្ទីន ឬគាំទ្រអ៊ីស្រាអែលច្បាស់លាស់ឡើយ ៕