ប្រមុខរដ្ឋកូរ៉េខាងជើង រិះគន់ក្រុមប្រទេស G7 ជាសំណល់នៃសង្គ្រាមត្រជាក់

កូរ៉េខាងជើង ៖ ប្រទេសកូរ៉េខាងជើង បានរិះគន់ក្រុមប្រទេសអ្នកមានទាំងប្រាំពីរ G7 ថាជា «កាកសំណល់នៃសង្គ្រាមត្រជាក់» ដែលបង្កឱ្យមានជម្លោះដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ និងរំលោភលើអធិបតេយ្យភាពរបស់ប្រទេសដទៃទៀត បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បាននិយាយនៅថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា នេះ ។

អគ្គនាយកនៃនាយកដ្ឋានអង្គការអន្តរជាតិ នៅក្រសួងការបរទេសរបស់ទីក្រុងព្យុងយ៉ាង លោក ចូ ជុលសុ (Jo Chol Su) បានថ្កោលទោសបណ្ដារដ្ឋមន្ត្រីការបរទេស G7 ចំពោះការ «បង្កាច់បង្ខូច» ការអនុវត្ត «សិទ្ធិស្វ័យការពារ និងអធិបតេយ្យភាពស្របច្បាប់» របស់ប្រទេសកូរ៉េខាងជើង នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីកិច្ចប្រជុំកាលពីសប្តាហ៍មុននៅទីក្រុងតូក្យូ ។

សេចក្តីថ្លែងការណ៍រួមរបស់ក្រុម G7 បានអំពាវនាវឱ្យមានការផ្អាកប្រយុទ្ធសម្រាប់បុព្វហេតុមនុស្សធម៌ ក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស ព្រមទាំងបានបញ្ជាក់ជាថ្មីនូវការគាំទ្រសម្រាប់អ៊ុយក្រែន ក្នុងសង្រ្គាមជាមួយរុស្ស៊ី ហើយបានថ្កោលទោសការសាកល្បងមីស៊ីល និងការផ្ទេរអាវុធរបស់កូរ៉េខាងជើង ទៅកាន់ប្រទេសរុស្ស៊ី ផងដែរ ។

លោក ចូ បានថ្លែងថា ក្រុមនេះមិនអាចតំណាងឱ្យសហគមន៍អន្តរជាតិបានទេ ប៉ុន្តែពួកគេការពារផលប្រយោជន៍របស់ប្រទេសមួយចំនួនប៉ុណ្ណោះ ថែមទាំងបានហៅសហរដ្ឋអាមេរិក ថាជាអ្នកផ្គត់ផ្គង់អាវុធមហាប្រល័យដល់អ៊ុយក្រែន ដើម្បី «បំផ្លាញសន្តិភាព និងស្ថិរភាព» ដោយចេតនានៅក្នុងទ្វីបអឺរ៉ុប ៕