គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្តីសម្រេចចុងក្រោយបញ្ចប់មុខតំណែងគណៈសង្ឃវត្តពោធិ៍លង្ការ និងបិទវត្តមួយរយៈ

ខេត្តសៀមរាប ៖ ប្រការ១ ត្រូវបានបញ្ចប់មុខតំណែងគណៈសង្ឃវត្តពោធិលង្កា (ពោធិ៍លើ) សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដូចខាងក្រោម៖

១. បញ្ចប់មុខតំណែង ភិក្ខុ កែវ ខូយ ពីចៅអធិការ
២. បញ្ចប់មុខតំណែង ភិក្ខុ ពេជ្រ ដេវីឌ ពីគ្រូសូធ្យស្ដាំ
៣. បញ្ចប់មុខតំណែង ភិក្ខុ ស៊ីញ ស៊ឺន ពីគ្រូសូធ្យឆ្វេង
៤. បញ្ចប់មុខតំណែង ភិក្ខុ សេង សុខុម ពីវិន័យធរ។

ប្រការ២ ព្រះមេគណ និងប្រធានមន្ទីរធម្មការ និងសាសនាខេត្តសៀមរាប ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចុះទៅរំសាយរចនាសម្ព័ន្ធគ្រប់គ្រងភិក្ខុ សាមណេរ គណៈកម្មការ និងអាចារ្យវត្តនេះ ហើយត្រូវរៀបចំរចនា សម្ព័ន្ធថ្មីនៃគណៈសង្ឃ គណៈកម្មការ និងអាចារ្យវត្តខាងលើជាបណ្ដោះអាសន្ន ដើម្បីដឹកនាំការងារព្រះពុទ្ធសាសនា និងវិស័យពុទ្ធិកសិក្សាឱ្យមានភាពល្អប្រសើរឡើង រហូតមានការសម្រេចតែងតាំងជាផ្លូវការ។ ព្រះមេគណ ត្រូវរៀបចំឱ្យសមណសិស្សដែលកំពុងសិក្សា មានកន្លែងគង់ស្នាក់នៅបន្តការសិក្សាក្នុង វត្តណាដែលមានសាលាពុទ្ធិកសិក្សា។

ប្រការ៣ បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៤ ព្រះប្រធានលេខាធិការនៃលេខាធិការដ្ឋានគណៈសង្ឃនាយក អគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការ សាសនា ព្រះមេគណ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តសៀមរាប គ្រប់អង្គភាពពាក់ព័ន្ធ និងសាមីខ្លួន ក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃឡាយព្រះហស្ថលេខា និងចុះហត្ថលេខាតទៅ៕