អរិយធម៌ជឿនលឿនជាងផែនដីប្រាំពាន់លានឆ្នាំ ដោយភពចំនួនពីរ
តាមការសិក្សាស្រាវជ្រាវមួយ របស់អង់គ្លេសបានបង្ហាញទីតាំងដែលកំពុងលាក់បាំងភពក្រៅប្រព័ន្ធព្រះអាទិត្យយ៉ាងតិចពីរ ដែលមានទ្វីប «ចាស់» ជាងផែនដីរហូតដល់ប្រាំពាន់លានឆ្នាំ និងអាចមានជីវិតដែលជឿនលឿនជាងមនុស្ស។
មកពីសាកលវិទ្យាល័យ Cardiff (អង់គ្លេស) ក្រុមអ្នកវិទ្យាសាស្ត្រ បានឱ្យដឹងថា នៅជុំវិញផ្កាយពីរដួងដែលមានឈ្មោះថា HD 76932 និង HD 201991 អាចមានលាក់បាំងភពយ៉ាងតិចពីរ ដែលកកើតទ្វីបមុនផែនដីរហូតដល់ចាប់ពី 4 ទៅ 5 ពាន់លានឆ្នាំ ។
ជាលទ្ធផលនៃការចម្រាញ់ពីផ្កាយ 29 ដួងដែលត្រូវបានចាត់ទុកថា មានសក្ដានុពលក្នុងការគាំទ្រឱ្យមានការកកើតភពទាំងឡាយដែលអាចទ្រទ្រង់ជីវិត នេះយោងតាម Live Science ខាងលើនេះ។
ជាងនេះទៀត ក្រុមអ្នកស្រាវជ្រាវនេះក៏ជឿថា ភពដែលវិលជុំវិញផ្កាយ HD 76932 និង HD 201991 ទំនងជាមានជីវមណ្ឌល (Biosphere) ជឿនលឿនជាងផែនដីទៅទៀត។ ប្រការនេះនាំឱ្យមានការរំពឹងថា រយៈពេលពីបួនដល់ប្រាំពាន់លានឆ្នាំ បានអនុញ្ញាតឱ្យភពទាំងនេះមានភាវៈរស់ ឬមានអរិយធម៌ជឿនលឿនជាងអ្វីដែលកំពុងកើតមាននៅលើផែនដី។
ក្រុមស្រាវជ្រាវកំណត់បាន «ដែនដីដែលមានសក្ដានុពល» សម្រាប់ភាវៈរស់នេះ តាមរយៈការរកឃើញអ៊ុយរ៉ាញ៉ូម-239 និងប៉ូតាស្យូមក្នុងបរិមាណច្រើន ដែលមាននៅក្នុងផ្កាយទាំងពីរដួងខាងលើ ក៏ដូចជាអាយុរបស់ផ្កាយដែលត្រូវបានវាស់ស្ទង់ដោយផ្កាយរណប Gaia របស់ទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) នេះយោងតាម Live Science ខាងលើ។
នៅលើ Research Notes of the American Astronomical Society យោងតាមរបាយការណ៍ថា ផ្កាយ HD 76932 និងផ្កាយ HD 201991 មានចម្ងាយពីផែនដីប្រហែល 70 និង 110 ឆ្នាំពន្លឺ (មួយឆ្នាំពន្លឺមានចម្ងាយប្រហែល 9.46 (9,460,000,000,000) ទ្រីលានគីឡូម៉ែត្រ) និងស្ថិតតំបន់ជាយរបស់កាឡាក់ស៊ីមីលគីវ៉េ។ ផែនដីរបស់មនុស្សក៏ស្ថិតនៅក្នុងតំបន់ក្បែរជាយកាឡាក់ស៊ីនេះផងដែរ៕