តួលេខអ្នកស្លាប់ពីការវាយប្រហារថ្ងៃទី៧ តុលា អ៊ីស្រាអែល កែប្រែ ពីចំនួន១.៤០០នាក់ មកនៅត្រឹម១.២០០នាក់
កាលពីថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា អ៊ីស្រាអែលបាននិយាយថា ខ្លួនបានកែប្រែចំនួនអ្នកស្លាប់នៃការវាយប្រហាររបស់ពួកសម្មប្រយុទ្ធនៃក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា លើសហគមន៍អ៊ីស្រាអែល និងមូលដ្ឋានយោធានៅភាគខាងត្បូងអ៊ីស្រាអែល ដោយធ្លាក់ចុះពីចំនួនប្រហែល ១.៤០០នាក់ ទៅត្រឹមតែ ១.២០០នាក់ប៉ុណ្ណោះ។
លោក លីអរ ហៃអាត (Lior Haiat) អ្នកនាំពាក្យក្រសួងការបរទេសអ៊ីស្រាអែល បានផ្តល់តួលេខដែលបានកែប្រែនេះ ខណៈអ៊ីស្រាអែល បន្តការខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះទាំងអស់ រយៈពេលប្រាំសប្តាហ៍បន្ទាប់ពីការវាយប្រហារដ៏ឃោរឃៅនោះបានកើតឡើង ។
លោក Haiat មិនបានផ្តល់ព័ត៌មានលម្អិត អំពីហេតុផលសម្រាប់តួលេខ ដែលបានកែប្រែនោះទេ ប៉ុន្តែលើសពីជនរងគ្រោះ អ៊ីស្រាអែលបាននិយាយថា ភេរវករប្រហែល ១.៥០០នាក់ ត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខ ខណៈការវាយប្រហារ និងការឆ្លើយតបរបស់អ៊ីស្រាអែល បានបន្តឥតឈប់ឈរ ដែលធ្វើឱ្យក្រុមអាជ្ញាធរមានការលំបាកក្នុងការចាត់ចែងសាកសពរបស់មនុស្សរាប់ពាន់នាក់ ។
ចំនួនអ្នកស្លាប់ទំនងជាបន្តមានការប្រែប្រួលទៀតក្នុងរយៈពេលខាងមុខ ។ មនុស្សមួយចំនួនក្នុងចំណោមមនុស្សជាង ២៤០នាក់ នាក់ដែលត្រូវបានចាប់ខ្លួនទៅកាន់តំបន់ហ្កាហ្សា ស្រ្ទីប ត្រូវគេគិតថា មិននៅមានជីវិតនោះទេ ទោះបីជាមិនមានការប៉ាន់ស្មានជាផ្លូវការក៏ដោយ ៕