នៅជុំវិញពិភពលោក ក្រុមបាតុកររាប់ម៉ឺននាក់ ប្រមូលផ្តុំគ្នាតវ៉ាគាំទ្រប៉ាឡេស្ទីន
បរទេស៖ នៅជុំវិញពិភពលោក ក្រុមបាតុកររាប់ម៉ឺននាក់ បានប្រមូលផ្តុំគ្នាក្នុងការគាំទ្រ និងសាមគ្គីភាពជាមួយពលរដ្ឋប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា ដោយថ្កោលទោសតួលេខស្លាប់ដ៏ខ្ពស់របស់ ជនស៊ីវិលក្នុងការវាយប្រហាររបស់អ៊ីស្រាអែល និងអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ ។
ទីក្រុងធំៗជាច្រើន រួមមាន ទីក្រុង ញ៉ូវ យ៉ក ទីក្រុងឡុងដ៍្រ ប៉ារីស បាកដាដ ការ៉ាជី ប៊ែរឡាំង និងអេឌីនបឺក បានមើលឃើញការហែក្បួនតវ៉ាដ៏ធំកាលពីថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ។
ការអំពាវនាវឱ្យមានបទឈប់បាញ់ ដើម្បីការពារជនស៊ីវិលនៅតំបន់ហ្កាហ្សា បានរីកធំឡើងក្នុងរយៈពេលជាងមួយខែនៃក្នុងសង្រ្គាម ដែលបានផ្ទុះឡើងនៅពេលដែលក្រុមប៉ាឡេស្ទីនក្រុមហាម៉ាស បានវាយប្រហារភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលាកន្លងមកនេះ ។
ក្រុមអាជ្ញាធរអ៊ីស្រាអែល បានកែប្រែតួលេខអ្នកស្លាប់មកនៅប្រហែល ១.២០០នាក់ ហើយមនុស្សជាង ២៤០នាក់ត្រូវបានចាប់ខ្លួន ។
នៅតំបន់ហ្កាហ្សា ការវាយប្រហារមិនឈប់ឈររបស់អ៊ីស្រាអែល បានសម្លាប់មនុស្សជាង ១១.០០០នាក់ក្នុងរយៈពេល ៣៤ថ្ងៃ រួមទាំងកុមារជាង ៤.៥០០នាក់។ ប៉ាឡេស្ទីននិយាយថា គ្មានជ្រុងណាមួយនៃតំបន់នេះមានសុវត្ថិភាពពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនោះទេ ហើយមនុស្សជាង ៧០ភាគរយនៃអ្នកស្រុកចំនួន ២,៣លាននាក់ នៅហ្កាហ្សា ត្រូវបានផ្លាស់ទីលំនៅ ៕