អតីតប្រធានាធិបតីអាមេរិក៖ ការព្រមាននុយក្លេអ៊ែរ គឺជាការគម្រាមកំហែង របស់សកលលោក
អាមេរិក ៖ លោក Donald Trump អតីតប្រធានាធិបតីអាមេរិក បាននិយាយនៅក្នុងបទសម្ភាសន៍ មួយកាលពីថ្ងៃម្សិលមិញថា ការគំរាមកំហែងពិតប្រាកដ ចំពោះពិភពលោកមិនមែនជា ការឡើងកំដៅផែនដីទេ ប៉ុន្តែជាការឡើងកំដៅនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ពីសង្គ្រាមបរមាណូដែលអាចកើតមាន ។
អតីតប្រធានាធិបតីរូបនេះ ក៏បានចង្អុលទៅសេតវិមាន និងរដ្ឋបាលរបស់លោកBiden ថាជាហេតុផល ដែលអ្វីគ្រប់យ៉ាងបានក្លាយទៅជា ពេលវេលាដែលគួរឱ្យរន្ធត់ ទាំងនៅក្នុងសហរដ្ឋអាមេរិកនិងនៅជុំវិញពិភពលោក ចំពោះមុខបញ្ហាអាវុធប្រល័យលោក នេះយោងតាមការចេញផ្សាយរបស់ RT ។
ជាប្រធានាធិបតីចន្លោះឆ្នាំ២០១៧ និង២០២១ លោក Trump កំពុងឈរឈ្មោះសម្រាប់តំណែងនេះសាជាថ្មីម្តងទៀត ហើយគាត់បានផ្ដល់បទសម្ភាសន៍ ផ្តាច់មុខមួយទៅកាន់ក្រុមហ៊ុន Univision របស់អេស្ប៉ាញ-អាមេរិកនៅឯរមណីយដ្ឋាន Mar-a-Lago របស់គាត់ក្នុងរដ្ឋ Florida កាលពីល្ងាចថ្ងៃព្រហស្បតិ៍ចំពោះបញ្ហាមួយនេះ។
លោកTrump បានប្រាប់ Enrique Acevedo របស់ Univision បែបនេះថា ៖ កាលពីបីឆ្នាំមុន យើងមិនមានបញ្ហាអ្វីទេយើងមិនមានអតិផរណាទេ យើងមិនមានបញ្ហាអ៊ុយក្រែនទេ យើងមិនមានបញ្ហាអីស្រាអែលទេ យើងមិនមានបញ្ហាអ្វីទាំងអស់ហើយ យើងមានព្រំដែនដែលមានសុវត្ថិភាព បំផុតមិនធ្លាប់មាននិងសូម្បីតែសេដ្ឋកិច្ចអាមេរិក ក៏នៅតែជាសេដ្ឋកិច្ចដ៏ខ្លាំងមួយ របស់ពិភពលោកប៉ុន្តែពេលនេះ អ្វីៗគឺគួរឲ្យរន្ធត់។ អ្នកអាចនឹងបញ្ចប់ នៅក្នុងសង្គ្រាមលោកលើកទី៣ទៅវិញ ៕