កម្ពុជា-បារាំង ប្រារព្ធពិធីឧទ្ទិសដល់ទាហានកម្ពុជា បានស្លាប់ក្នុងសម័យសង្រ្គាមលោកលើកទី១
ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម សុខ ចិន្កាសោភានិង ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា លោក ហ្សាក់ បឺឡេ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញដាក់ក្រឡោនផ្កា និងប្រារព្ធពិធីនៃការចុះហត្ថលេខាបញ្ចប់សង្រ្គាមលោកលើកទី១ និងធ្វើពិធីឧទ្ទិសដល់ទាហានកម្ពុជា ដែលបានអនិច្ចកម្មក្នុងសម័យសង្រ្គាមលោកលើកទី១ ។
លោក ហ្សាក់ បឺឡេ បានថ្លែងថា នៅថ្ងៃទី១១ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ ស្ថានទូតបារាំងប្រចាំនៅកម្ពុជាបានរៀបចំពិធីរំលឹកខួបនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ ដែលបាននាំទៅដល់ការបញ្ចប់សង្គ្រាមលោកលើកទី១។
ពិធីនេះក៏ត្រូវបានប្រារព្ធធ្វើឡើងមួយផ្នែក នៅវិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្រ្គាមលោកលើកទី១ និងមួយផ្នែកទៀត នៅក្នុងបរិវេណស្ថានទូតបារាំង ដើម្បីអបអរជ័យជម្នះសន្តិភាព និងឧទ្ទិសដល់អ្នកដែលបានពលីសម្រាប់ប្រទេសបារាំង ។
លោកឯកអគ្គរដ្ឋទូតបានបន្តទៀតថា កិច្ចព្រមព្រៀងខាងលើបានបញ្ចប់សង្គ្រាមលោកលើកទី១ ដែលបានបណ្តាលឲ្យប្រទេសបារាំងបាត់បង់ជីវិត ទាហានមួយលានបួនសែននាក់ និងមានអ្នករបួស និងពិការច្រើនជាងនេះ៤ដង ហើយបង្កឱ្យជនស៊ីវិល៣សែននាក់រងគ្រោះ ។ សរុបសង្គ្រាមលោកលើកទី១ បានបណ្តាលឱ្យបាត់បង់ជីវិតមនុស្ស១០លាននាក់ ឬ១៨លាននាក់បើរាប់ទាំងជនស៊ីវិល ។ សង្គ្រាមនេះបានបន្សល់ទុកនូវការបំផ្លិចបំផ្លាញយ៉ាងច្រើននៅតាមតំបន់ប្រឈមមុខដាក់គ្នា ។
លោក ហ្សាក់ បឺឡេ បានឲ្យដឹងផងដែរថា ជនជាតិកម្ពុជាចំនួន១៥១នាក់ បានបាត់បង់ជីវិតក្នុងអំឡុងសង្គ្រាមលោកលើកទី១។ នៅឆ្នាំនេះជាមួយការដាក់បាច់ផ្កានៅខាងមុខវិមាននេះ ស្ថានទូតបារាំង សូមឧទ្ទិសជាពិសេសដល់យុទ្ធជនកម្ពុជា ដែលបានប្រយុទ្ធនៅក្នុងសង្គ្រាមលោកលើកទី១ជាមួយយុទ្ធមិត្តបារាំង ។
សូមបញ្ជាក់ថា កម្ពុជានិងបារាំង បានធ្វើវិមានរំលឹកដល់អ្នក ដែលបានធ្វើអនិច្ចកម្មក្នុងអំឡុងសង្គ្រាមលោកលើកទី១ ឬហៅថា«រូបពីរ» កាលពីឆ្នាំ១៩២៥ ប៉ុន្តែត្រូវបានកម្ទេចចោលដោយពួកខ្មែរក្រហម កាលពីឆ្នាំ១៩៧៦ ហើយត្រូវបានសាងសង់ឡើងវិញ និងសម្ពោធដាក់ឱ្យប្រើប្រាស់ កាលពីថ្ងៃទី១៤ ខែ កក្កដា កន្លងទៅ តាមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ។ វិមាននេះស្ថិតនៅទីតាំងតូចមួយនៅចំពីមុខស្ថានទូតបារាំង ខណៈការធ្វើនូវវិមាននេះ ដោយឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់នូវមិត្តភាពបារាំង-កម្ពុជា៕