ឆក់ទូរស័ព្ទពីស្ត្រីម្នាក់ ពីក្រុមចោរ៣នាក់ជិះម៉ូតូមួយគ្រឿង រត់មិនរួចអ្នកភូមិស្ទាក់ចាប់បានម្នាក់

បន្ទាយមានជ័យ៖  ករណីឆក់ទូរសព្ទពីស្ត្រីម្នាក់ ពីក្រុមចោរ៣នាក់ជិះម៉ូតូមួយគ្រឿង តែត្រូវអ្នកស្រុកស្ទាក់ចាប់បានម្នាក់ រត់រួច២នាក់ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៩ និង៥០នាទី យប់ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅមុខសាលារៀនវិទ្យាល័យអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

អ្នកឃើញហេតុការណ៍បានលើកឡើងថា ក្នុងពេលកើតហេតុ មានស្រ្តីម្នាក់ បានជិះម៉ូតូម៉ាកស្កូបពីមួយគ្រឿង កាន់ទូរស័ព្ទអាយហ្វូន១៤ប្រូ ធ្វើដំណើរតាមផ្លូវតារាងបាល់មុខសាលាវិទ្យាល័យអូរជ្រៅ ស្រាប់តែឃើញក្រុមជនសង្ស័យមានគ្នា៣នាក់ ប្រុស ស្រី បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីដៃជនរងគ្រោះ ដែលបណ្តាលឲ្យដួលរងរបួសស្រាល ។ ភ្លាមៗនោះ អ្នកស្រុកឃើញទាន់ក៏បានដេញចាប់ ក្រុមជនសង្ស័យក៏ផ្តួលម៉ូតូម៉ាកឌ្រីមពណ៌ខ្មៅ គ្មានស្លាកលេខ រត់រួចពីរនាក់ តែម្នាក់ជាស្ត្រីត្រូវបានប្រជាពលរដ្ឋចាប់បានរាយការណ៍ប្រាប់សមត្ថកិច្ចកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ។

សមត្ថកិច្ចអាវុធហត្ថ បានបញ្ជាក់ថា ពេលដែលប្រជាពលរដ្ឋឃាត់ខ្លួនជនសង្ស័យបានម្នាក់ជាស្ត្រី បានហើយ បានរាយការណ៍ និងប្រគល់ជនសង្ស័យឲ្យមកសមត្ថកិច្ច កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត រួមទាំងម៉ូតូរបស់ជនសង្ស័យត្រូវបានយកទៅកាន់ទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថប៉ោយប៉ែត ដើម្បីស្រាវជ្រាវតាមចាប់បក្ខពួកជនសង្ស័យយកមកអនុវត្ថច្បាប់។

ចំណែកទូរស័ព្ទ អាហ្វូន១៤ប្រូ របស់ជនរងគ្រោះ ត្រូវបានយកមកវិញ ហើយក៏បានប្រគល់ឲ្យជនរងគ្រោះវិញផងដែរ ៕