រដ្ឋមន្ត្រីរតនាគារអាមេរិក បង្ហាញឆន្ទៈជាមួយភាគីចិន ចង់ជួបពិភាក្សាបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចដោយបើកចំហ

អាមរិក ៖ នាឱកាសកិច្ចប្រជុំទ្វេភាគី រយៈពេលពីរថ្ងៃរវាងចិននឹងអាមេរិក ថ្លែងនៅក្នុងសុន្ទរកថាមួយ នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ លោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក បានថ្លែងទៅកាន់ឧបនាយករដ្ឋមន្ត្រីចិនលោក He Lifeng ថា លោកស្រី ពិតជាចង់ឃើញការជជែកពិភាក្សាគ្នា “ដោយបើកចំហ និងមានខ្លឹមសារ” រវាងភាគីអាមេរិកនឹងចិន លើបញ្ហាទំនាក់ទំនងសេដ្ឋកិច្ច ការអនុវត្តន៍គោលនយោបាយឧបត្ថម្ភធន រួមនិងបញ្ហាប្រឈមសំខាន់ៗផ្សេងទៀត របស់ពិភពលោក ក្នុងពេលបច្ចុប្បន្ន រួមមាន កត្តាបម្រែបម្រួលអាកាសធាតុ និងវិបត្តិបំណុល នៅតាមបណ្តាប្រទេសក្រីក្រជាដើម។

លោកស្រីបានបន្តថា លោកស្រីបានខិតខំអស់រយៈពេលជាច្រើនខែ ក្នុងការជំរុញដល់ការបង្កើតឱ្យមាននូវ “កិច្ចសន្ទនាលើបញ្ហាសេដ្ឋកិច្ច“ ជាមួយសមភាគី រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុចិនគឺលោក Liu Kun ដោយលោកស្រីបានលើកឡើងបញ្ជាក់ទៀតថា សហរដ្ឋអាមេរិកចង់កសាងនូវទំនាក់ទំនងសេដ្ឋកិច្ចមួយ ដែលមានភាពរឹងមាំជាមួយប្រទេសចិនសម្រាប់បម្រើផលប្រយោជន៍រួមរបស់ប្រជាជាតិទាំងពីរក្នុងរយៈពេលវែងទៅថ្ងៃមុខ។ ទន្ទឹមគ្នានោះដែរ អាមេរិកនឹងព្យាយាមបង្ហាញនូវក្តីកង្វល់របស់ខ្លួន មួយចំនួនពាក់ព័ន្ធនឹងគោលនយោបាយដឹកនាំរបស់ប្រទេសចិន ដែលបង្កផលប៉ះពាល់អវិជ្ជមានដល់ដំណើរការប្រកួតប្រជែងគ្នាដោយស្មើភាព និងយុត្តិធម៌។

សូមបញ្ជាក់ថា ជំនួបទល់មុខគ្នាដោយផ្ទាល់ រវាងលោកស្រី Yellen ជាមួយលោក He Lifeng នៅពេលនេះ បានធើ្វឡើងនៅបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកស្រី ទៅកាន់ទីក្រុងប៉េកាំងកាលពីខែកក្កដាកន្លងទៅ និងជាជំនួបថ្នាក់គណៈរដ្ឋមន្ត្រីដ៏សំខាន់មួយ ដែលបានជួយត្រួសត្រាយផ្លូវសម្រាប់ជំនួបរវាងលោកប្រធានាធិបតីចូបៃដិន និងលោកប្រធានាធិបតីស៊ីជីនពីង នៅក្នុងឱកាសកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់អាស៊ីប៉ាស៊ីហ្វិកហៅកាត់ថា APEC នៅសប្តាហ៍ក្រោយ ៕ ប្រភព៖ Reuters