សិស្សជាប់បាកឌុប ចង់ចាប់យកជំនាញ បច្ចេកវិទ្យាឌីជីថល អាចទទួលបានអាហារូបករណ៍ និងកម្ចីថវិកាសិក្សា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តមជា វ៉ាន់ ដេត លើកឡើងថា នៅក្នុងយុគសម័យ បច្ចេកវិទ្យា ឌីជីថល បានដើរតួនាទីយ៉ាងសំខាន់ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ការធ្វើធុរកិច្ច និងការផ្ដល់សេវាសាធារណៈ និងសេវាផ្សេងៗប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាសេនាធិការរបស់រាជរដ្ឋាភិបាល ទទួលបន្ទុកអភិវឌ្ឍវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ឯកឧត្តមជា វ៉ាន់ដេត បានលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សទាំងអស់ បន្ទាប់ពីទទួលបានលទ្ធផលជាប់ជាស្ថាពរ សូមពិចារណាចាប់យកការសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល និងជំនាញពាក់ព័ន្ធផ្សេងៗ ដើម្បីទទួលបានឱកាសការងារល្អៗ ដែលមានប្រាក់ចំណូលខ្ពស់សម្រាប់លើកកម្ពស់ជីវភាពគ្រួសារ និងរួមចំណែកដល់ការសម្រេចបាននូវ ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការកសាងរដ្ឋាភិបាល សេដ្ឋកិច្ច និងសង្គមឌីជីថល ។

បន្ថែមពីលើនេះ ក្មួយៗអាចទទួលបានឱកាសសិក្សាជាច្រើន ក្នុងការសិក្សាថ្នាក់បរិញ្ញាបត្រលើ ជំនាញពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថល តាមរយៈអាហារូបករណ៍ និងកម្ចីថវិកាសិក្សាជាដើម ។

ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមជឿជាក់ថា បន្ទាប់ពីបញ្ចប់ការសិក្សាកម្រិតជំនាញ ឬសាកលវិទ្យាល័យ ក្មួយៗនឹងចូលរួមចំណែកអភិវឌ្ឍន៍ ព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្រោមការដឹកនាំប្រកប ដោយភាពឈ្លាសវៃ និងស្វាហាប់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕