បែលហ្ស៊ិក ចង់ដាក់ទណ្ឌកម្មប្រឆាំងនឹងអ៊ីស្រាអែល ជុំវិញការទម្លាក់គ្រាប់បែក នៅតំបន់ហ្កាហ្សា

បរទេស៖ លោកស្រី Petra De Sutter ឧបនាយករដ្ឋមន្រ្ដីបែលហ្ស៊ិកកាលពីថ្ងៃពុធ បានអំពាវនាវដល់រដ្ឋាភិបាលបែលហ្ស៊ិក ឲ្យអនុម័តទណ្ឌកម្មប្រឆាំងនឹងអ៊ីស្រាអែល និងស៊ើបអង្កេតការទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យ និងជំរំជនភៀសខ្លួន នៅតំបន់ហ្កាហ្សា ។

លោកស្រី Petra De Sutter ឧបនាយករដ្ឋមន្ត្រី បានប្រាប់សារព័ត៌មាន Nieuwsblad ថា៖ «វាដល់ពេលដែលត្រូវដាក់ទណ្ឌកម្មប្រឆាំងនឹងអ៊ីស្រាអែល ។ វាពិតជាច្បាស់ណាស់ថា អ៊ីស្រាអែល មិនខ្វល់ពីការទាមទាររបស់អន្តរជាតិសុំឲ្យមានបទឈប់បាញ់នោះទេ» ។

អ៊ីស្រាអែល បានវាយប្រហារ នៅតំបន់ហ្កាហ្សា ជាការឆ្លើយតបទៅនឹងការវាយឆ្មក់របស់ក្រុមហាម៉ាសទៅលើអ៊ីស្រាអែលភាគខាងត្បូង កាលពីថ្ងៃទី៧ ខែតុលា ដែលខ្មាន់កាំភ្លើង បានសម្លាប់មនុស្ស ១.៤០០ នាក់ ភាគច្រើនជាជនស៊ីវិល និងបានចាប់ចំណាប់ថ្នូរប្រហែល ២៤០នាក់ នេះបើយោងតាមចំនួនសរុបរបស់អ៊ីស្រាអែល ។ សង្គ្រាម បានធ្លាក់ចុះដល់ការវាយប្រហារបង្ហូរឈាមបំផុត ក្នុងជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីនជាច្រើនជំនាន់មកហើយ ។

លោកស្រី De Sutter បានថ្លែងថា សហភាពអឺរ៉ុប គួរតែផ្អាកជាបន្ទាន់នូវកិច្ចព្រមព្រៀងទំនាក់ទំនង របស់ខ្លួនជាមួយអ៊ីស្រាអែល ដែលមានគោលបំណងធ្វើឲ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងនយោបាយកាន់តែប្រសើរឡើងនោះ ៕