មេដឹកនាំហាម៉ាស មិនមានការចាប់អារម្មណ៍ក្នុងការគ្រប់គ្រងតំបន់ហ្កាហ្សាទេ ប៉ុន្តែចង់ធ្វើសង្រ្គាមអចិន្ត្រៃយ៍ជាមួយអ៊ីស្រាអែល
អ៊ីស្រាអែល៖ មេដឹកនាំកំពូលៗរបស់ក្រុមហាម៉ាស បានទទួលស្គាល់បំណងប្រាថ្នារបស់ក្រុមនេះ ក្នុងការចូលរួមក្នុងសង្រ្គាមអចិន្រ្តៃយ៍ក្នុងប្រទេសអ៊ីស្រាអែល ដើម្បីគាំទ្របុព្វហេតុប៉ាឡេស្ទីន ខណៈពេលដែលមិនបង្ហាញការចាប់អារម្មណ៍ ក្នុងការគ្រប់គ្រងតំបន់ហ្កាហ្សាស្ទ្រីប ឬធ្វើឲ្យប្រសើរឡើងនូវជីវិតរបស់អ្នកស្រុក ពីរលាននាក់របស់ខ្លួនដែលភាគច្រើនរស់ នៅក្នុងភាពក្រីក្រយ៉ាងខ្លាំង បើតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ បានឲ្យដឹង ។
លោក Khalil al-Hayya នៅក្នុងបទសម្ភាសន៍ជាបន្តបន្ទាប់ជាមួយសារព័ត៌មាន New York Times សមាជិកនៃស្ថាប័នដឹកនាំជាន់ខ្ពស់របស់ក្រុមហាម៉ាស បានការពារការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ក្រុមភេរវកម្ម កាលពីថ្ងៃទី៧ ខែតុលា ទៅលើជនស៊ីវិលអ៊ីស្រាអែល ដែលជំរុញឲ្យអ៊ីស្រាអែលឆ្លើយតបដោយយោធា ។
លោកបានថ្លែងប្រាប់សារព័ត៌មានពីប្រទេសកាតាថា៖ យើងបានទទួលជោគជ័យ ក្នុងការដាក់យកបញ្ហាប៉ាឡេស្ទីនមកពិភាក្សា ហើយឥឡូវនេះ គ្មាននរណាម្នាក់ នៅក្នុងតំបន់នេះ នៅស្ងៀមស្ងាត់នោះទេ ។
មន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស ក៏បានបង្ហាញពីបំណងប្រាថ្នាតិចតួច ក្នុងការគ្រប់គ្រងតំបន់ហ្កាហ្សា ឬផ្តល់សេវាសំខាន់ៗ ដល់ប្រជាជនរបស់ខ្លួនផងដែរ បើតាមរបាយការណ៍នោះ បានឲ្យដឹងបន្ថែមទៀត ៕