ទីតាំងខារ៉ាអូខេយីហោ ឈ្មោះ SKY KTV សមត្ថកិច្ចបិទជាបណ្តោះអាសន្ន បន្ទាប់ពីឆ្មក់ចូលបង្ក្រាប និងឃាត់ខ្លួនមនុស្សប្រុសស្រី ១០៧នាក់ សង្ស័យប្រើប្រាស់ថ្នាំញៀន

បន្ទាយមានជ័យ៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យ បានសម្រេចបិទ ទីតាំងខារ៉ាអូខេឈ្មោះ SKY KTV ជាបណ្តោះអាសន្ន បន្ទាប់ពីបានធ្វើប្រតិបត្តិការឆ្មក់ចូលបង្ក្រាបទីតាំងនេះនៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត សង្ស័យមានករណីលក់ចែកចាយ និងប្រើប្រាស់ថ្នាំញៀន ចាប់ពីថ្ងៃទី ៧ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាឲ្យអនុវត្ត កាលពីវេលាម៉ោង ២៣:៥០នាទី យប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយលោកវរសេនីយ៍ឯក សៅ សារឿន អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងបើកប្រតិបត្តិការឆ្មក់ចូលបង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែងយីហោឈ្មោះ SKY KTV នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត សង្ស័យមានករណីលក់ចែកចាយ និងប្រើប្រាស់ថ្នាំញៀន។

លោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានផ្តល់ការសម្របសម្រួលនីតិវិធី ជាលទ្ធផលកម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យចំនួន ១០៧នាក់ ស្រី ៤០នាក់ ក្នុងនោះជនបរទេសចំនួន ៤២នាក់ ស្រី ០៧នាក់ រួមមាន៖ ឥណ្ឌូនេស៊ី ចំនួន ២១នាក់ ស្រី០១នាក់ វៀតណាម ចំនួន ១៥នាក់ ស្រី០២នាក់ ចិន ចំនួន ៣នាក់ ស្រី០១នាក់ និងថៃ ចំនួន ៣នាក់ ស្រី០៣នាក់ ។ ក្រៅពីនេះ ដកហូតបានម្សៅម៉ត់សថ្លា ០៦កូនថង់ និង០១កូនថង់តូច ថ្នាំកញ្ចប់ពណ៌ក្រហម (រូបសេះ) ០១កញ្ចប់ ពណ៌ក្រហម (រូបទំពាំងបាយជូរ) ០១កញ្ចប់ ពណ៌លឿង ១០កញ្ចប់ ពណ៌ទឹកក្រូច ០១កញ្ចប់ និងកញ្ចប់ថ្នាំពណ៌ក្រហមអក្សរ (L V) ០១កញ្ចប់។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ទីតាំងខារ៉ាអូខេឈ្មោះ SKY KTV ត្រូវបានបិទបណ្តោះអាសន្ន ។ រីឯជនសង្ស័យប្រុស-ស្រីទាំងនេះ ត្រូវបាននគរបាលឃាត់ខ្លួនសួរនាំ និងធ្វើតេស្តរកសារធាតុញៀន ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕